ព័ត៌មានអន្តរជាតិ

បារាំងនិងអាមេរិក ស្វះស្វែងបន្ថយភាពតានតឹង ជុំវិញច្បាប់នាំចេញអាវុធ

បរទេស៖ ប្រទេសបារាំងនិងសហរដ្ឋអាមេរិក នៅថ្ងៃសុក្រសប្ដាហ៍នេះ បានព្រមព្រៀងគ្នាស្វះស្វែង ធ្វើច្បាប់នាំចេញអាវុធ ឲ្យកាន់តែមានប្រសិទ្ធភាព ដោយលើកឡើងពីប្រភពប៉ះទង្គិចគ្នាជាយូរមកហើយ ស្របពេលដែលមេដឹកនាំនៃប្រទេសទាំងពីរ បានជួបគ្នាជាលើកដំបូង ចាប់តាំងពីមានជម្លោះ ជុំវិញកិច្ចព្រមព្រៀងសន្តិសុខ អាមេរិក ជាមួយអង់គ្លេសនិងអូស្ត្រាលីមក។

ក្រោយកិច្ចពិភាក្សាគ្នាក្នុងទីក្រុងរ៉ូម នៅក្រៅជំនួបកំពូល G20 ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន និងប្រធានាធិបតីបារាំង លោក Emmanuel Macron បានមានប្រសាសន៍ក្នុងសេចក្តីថ្លែងការណ៍រួមមួយដូច្នេះថា “ប្រធានាធិបតីមានបំណងចាប់ផ្តើមកិច្ចពិភាក្សាយុទ្ធសាស្ត្រជំនួញការពារជាតិសហរដ្ឋអាមេរិក-បារំាងមួយ ដើម្បីបង្កើតទស្សនៈរួមគ្នាលើការចូលទៅក្នុងទីផ្សារការពារជាតិ និងបញ្ហានាំចេញនានា”។

យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Yahoo News នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២១ បានឲ្យដឹងថា សេចក្តីថ្លែងការណ៍រួមរបស់លោកប្រធានាធិបតីទាំងពីរបានបន្ថែមទៀតថា រដ្ឋាភិបាលទាំងពីរ បានប្តេជ្ញាបង្ហាញនូវវិធានការ ដើម្បីធ្វើឲ្យកាន់តែប្រសើរឡើង នូវប្រសិទ្ធភាពនៃការអនុញ្ញាតលើការនាំចេញការពារជាតិ។

គួរបញ្ជាក់ថា នាពេលបច្ចុប្បន្ននេះ ប្រទេសបារាំង កំពុងតែស្វះស្វែងឲ្យមានការបញ្ជាក់ ជុំវិញការគ្រប់គ្រងការនាំចេញអាវុធសហរដ្ឋអាមេរិក ដែលគេស្គាល់ថា ច្បាប់ចរាចរណ៍អាវុធអន្តរជាតិ ហៅកាត់ថា ITAR ដែលអនុញ្ញាតឲ្យទីក្រុងវ៉ាស៊ីនតោន បិទការនាំចេញជាថ្មីនូវផ្នែកផ្គុំដ៏រសើបរបស់អាមេរិក បង្កប់ក្នុងអាវុធបរទេស៕

ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top