ដាម៉ាស់៖ ក្រសួងការបរទេសស៊ីរី បានថ្កោលទោស ការសម្រេចចិត្តរបស់តួកគី ក្នុងការពង្រីកការដាក់ពង្រាយ កងទ័ពរបស់ខ្លួន នៅក្នុងប្រទេសស៊ីរី និងអ៊ីរ៉ាក់ រយៈពេលពីរឆ្នាំបន្ថែមទៀត ដោយថាការអនុវត្តបែបនេះ គំរាមកំហែងដល់សន្តិភាព និងសន្តិសុខអន្តរជាតិ នេះបើយោងតាមទីភ្នាក់ងារ សារព័ត៌មានរដ្ឋ SANA ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រសួងបានសង្កត់ធ្ងន់ថា ស្ថានភាពក្នុងតំបន់ និងអន្តរជាតិ មិនអាចទ្រាំទ្រនឹងការអនុវត្ត របស់រដ្ឋាភិបាលតួកគី បាននោះទេ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
ក្រសួងបានចង្អុលបង្ហាញថា កងកម្លាំងតួកគី កំពុងបើកការវាយប្រហារ យោធាលើទឹកដីស៊ីរី ដែលដំណើរការប្រឆាំង នឹងដំណោះស្រាយក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ ដែលអំពាវនាវឱ្យគោរព អធិបតេយ្យភាព និងឯករាជ្យភាពនៃទឹកដីស៊ីរី។
ប្រភពបានអំពាវនាវបន្ថែមទៀត ដល់សហគមន៍អន្តរជាតិ ឲ្យទទួលខុសត្រូវតួកគី ចំពោះ”ឧក្រិដ្ឋកម្មសង្រ្គាមនិងការឈ្លានពាន ដែលខ្លួនបានប្រព្រឹត្តប្រឆាំងនឹងស៊ីរី”។
នៅក្នុងនោះដែរ ក៏ទាមទារសំណង សម្រាប់ការខាតបង់ទាំងអស់ ដែលបង្កឡើងដោយ ប្រតិបត្តិការយោធាតួកគី ក្នុងប្រទេសស៊ីរី ដែលបានឲ្យដឹងថា “បានបន្សល់ទុកផលលំបាក ដ៏ច្រើនដល់ជនស៊ីវិល ហេដ្ឋារចនាសម្ព័ន្ធ របស់ប្រទេស ទ្រព្យសម្បត្តិឯកជន និងសាធារណៈ ធនធានធម្មជាតិ និងបេតិកភណ្ឌប្រវត្តិសាស្ត្រស៊ីរី” ។
ចាប់តាំងពីឆ្នាំ២០១៦មក ប្រតិបត្តិការឆ្លងព្រំដែនរបស់តួកគីជាច្រើន បានកើតឡើងនៅភាគខាងជើង ប្រទេសស៊ីរី ដោយផ្តោតលើតំបន់ ដែលគ្រប់គ្រងដោយកងកម្លាំង ប្រជាធិបតេយ្យស៊ីរី (SDF) ដែលដឹកនាំដោយជនជាតិឃឺដ៕ ដោយ ឈូក បូរ៉ា