បរទេស៖មន្ត្រីកងទ័ពជើងទឹកក្នុងទីក្រុងសេអ៊ូលមួយរូប តាមសេចក្តីរាយការណ៍ បាននិយាយប្រាប់ថា ប្រទេសកូរ៉េខាងត្បូងនិងសហរដ្ឋអាមេរិក នៅថ្ងៃចន្ទនេះ បានចាប់ផ្តើមធ្វើសហសមយទ្ធទ័ពអាកាស ស្របពេលមានភាពតានតឹងជុំវិញការពិនិត្យតាមដានមីស៊ីលបច្ចុប្បន្នរបស់កូរ៉េខាងជើង និងតម្រូវឲ្យមានការចាប់ផ្តើមជាថ្មី នូវកិច្ចពិភាក្សាលុបបំបាត់នុយក្លេអ៊ែ។
សមយុទ្ធយោធា ដែលមានឈ្មោះថា Vigilant Ace នេះ បានធ្វើការចល័តភ្លាមៗ នូវកងទ័ពរាប់ពាន់នាក់ យន្តហោះចម្បាំងទំនើបៗ យន្តហោះទម្លាក់គ្រាប់ និងយន្តហោះចម្បាំងដទៃទៀតរាប់សិបគ្រឿង នេះបើយោងតាមការចេញផ្សាយនៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១។
គួរបញ្ជាក់ថា សមយុទ្ធនេះបានចាប់ផ្តើមនៅទីនោះ បន្ទាប់ពីប្រទេសកូរ៉េខាងជើង បានបាញ់តេស្តសាកល្បងមីស៊ីលផ្លោងបាញ់ចេញពីនាវាមុជទឹក ដែលជាអាវុធដ៏ថ្មីបំផុត នៅក្នុងបណ្ដុំអាវុធបច្ចុប្បន្នរបស់កូរ៉េខាងជើង ហើយប្រទេសកូរ៉េខាងជើង មើលឃើញសមយុទ្ធនៅក្នុងប្រទេសកូរ៉េខាងត្បូង ថាជាការហាត់សមសម្រាប់ជម្លោះ និងធ្លាប់បានផ្តាច់ខ្សែទំនាក់ទំនងបន្ទាន់អន្តរកូរ៉េ នៅពេលសម្ពន្ធមិត្តប្រារព្ធធ្វើសមយុទ្ធកាលពីខែសីហា ដោយចោទទីក្រុងសេអ៊ូលពីបទមានឥរិយាបថមិនច្បាស់លាស់។

យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយកាសែត News 7 H នៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១ បានឲ្យដឹងថា សម្ពន្ធមិត្តបានចាប់ផ្តើមសមយុទ្ធនោះ ដោយមិនបានបញ្ជាប់ប្រាប់ពីឈ្មោះនោះទេ ហើយកាសែតកូរ៉េខាងត្បូង យុនហាប់ បាននិយាយថា យន្តហោះប្រមាណ១០០គ្រឿង ត្រូវបានបញ្ជូនចេញពីកន្លែងចំនួន៨ រួមគ្នាជាមួយយន្តហោះចម្បាំង F-15K និងយន្តហោះចម្បាំង KF-16 របស់កូរ៉េខាងត្បូង និងយន្តហោះចម្បាំង F-16 របស់អាមេរិក ប៉ុន្តែថា មិនមានឧបករណ៍ ឬក៏កងទ័ពមកពីទឹកដីអាមេរិក ចូលរួមក្នុងសមយុទ្ធនេះនោះទេ៕
