ព័ត៌មានអន្តរជាតិ

ប្រទេសថៃបន្ធូរបន្ថយ បម្រាមធ្វើដំណើរជាលើកដំបូង ក្នុងរយៈពេល១៨ខែ 

បរទេស៖ប្រទេសថៃ អូស្ត្រាលី និងអ៊ីស្រាអែល នៅថ្ងៃចន្ទនេះ បានធ្វើការបន្ធូរបន្ថយការរឹតបន្តឹង សម្រាប់ការធ្វើដំណើររតាមច្រកព្រំដែនអន្តរជាតិសំខាន់ៗ សម្រាប់ជាលើកដំបូង ក្នុងរយៈពេល១៨ខែ ហើយនេះគឺជាការតេស្តសាកល្បង ដ៏ធំចំពោះតម្រូវការ សម្រាប់វិស័យទេសចរណ៍ និងការធ្វើដំណើរទូទៅពិភពលោក ស្របពេលមេរោគកូរ៉ូណារាតត្បាត។

អ្នកទេសចរបរទេសដែលបានចាក់ថ្នាំវ៉ាក់សាំងរួចរាប់រយនាក់ បានធ្វើដំណើរទៅដល់ទីក្រុងបាងកក ប្រទេសថៃ សម្រាប់ការធ្វើដំណើរដោយគ្មានការធ្វើចត្តាឡីស័ក ក្រោយប្រទេសអាស៊ីអាគ្នេយ៍មួយនេះ បានអនុម័តឲ្យភ្ញៀវទេសចរមកពីប្រទេសជាង៦០ រួមមានទាំងប្រទេសចិននិងសហរដ្ឋអាមេរិកផងដែរ។

យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន នៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១ បានឲ្យដឹងថា ការព្យាករណ៍របស់ប្រទេសថៃ គឺថា មានភ្ញៀវទេសចរបរទេសត្រឹមតែចំនួន១៨០.០០០នាក់ ចូលមកកំសាន្តនៅក្នុងឆ្នាំនេះ និងចំនួន៧លាននាក់នៅឆ្នាំក្រោយ ហើយនេះគឺជាចំនួនដែលថយចុះពីចំនួនប្រមាណ៤០លាននាក់ កាលពីឆ្នាំ២០១៩។

គួរបញ្ជាក់ថា កម្មវិធីថ្មីរបស់ប្រទេសថៃ តម្រូវឲ្យភ្ញៀវទេសចរត្រូវចំណាយពេលមួយយប់ស្នាក់នៅក្នុងសណ្ឋាគារដែលបានអនុម័តជាមុន និងតេស្តអវិជ្ជមានជម្ងឺកូវីដ១៩ នៅមុនពេលពួកគេអាចធ្វើដំណើរកំសាន្តនៅទីកន្លែងផ្សេងៗក្នុងប្រទេស៕

Most Popular

To Top