បរទេស៖ ប្រទេសរុស្ស៊ី នាពេលថ្មីៗនេះ បានបន្សល់ទុកអង្គភាពយោធាមួយចំនួន នៅជិតព្រំដែនប្រទេសអ៊ុយក្រែន បន្ទាប់ពីពីធ្វើសមយុទ្ធយោធា និងមានកងទ័ពរុស្ស៊ីជាច្រើន នៅក្នុងតំបន់ សរុបចំនួន៩០.០០០នាក់ នេះបើតាមការនិយាយប្រាប់ ឲ្យដឹងពីប្រទេសអ៊ុយក្រែន។

យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន Us News នៅថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២១ បានឲ្យដឹងថា ក្រសួងការពារជាតិ នៃប្រទេសអ៊ុយក្រែន បាននិយាយប្រាប់ថា កងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន បានប្រារព្ធធ្វើសមយុទ្ធយោធា ទ្រង់ទ្រាយធំជាបន្តបន្ទាប់ នៅក្នុងអំឡុងឆមាសទី២ នៃឆ្នាំនេះ ដោយរួមទាំងមានការចូលរួម ដោយកងទ័ពអាកាសទៀតផង។
ក្រោយការធ្វើសមយុទ្ធយោធាទាំងនោះ អង្គភាពកងទ័ពលេខ៤១ នៅតែមានវត្តមានៅក្នុងផ្នែកអឺរ៉ុប នៃប្រទេសរុស្ស៊ី ចម្ងាយប្រហែល ២៦០គីឡូម៉ែត្រ ពីព្រំដែននៃប្រទេសអ៊ុយក្រែន។
ក្រសួងការពារជាតិអ៊ុយក្រែន បាននិយាយដូច្នេះថា “វាគួរត្រូវបានកត់សម្គាល់ថា សហព័ន្ធរុស្ស៊ី បានសមជាប្រចាំដើម្បីអនុវត្ត ការផ្ទេរនិងប្រមូលផ្តុំអង្គភាពយោធា ក្នុងគោលបំណងបន្តឲ្យមាន ភាពតានតឹង នៅក្នុងតំបន់ និងដាក់សម្ពាធផ្នែកនយោបាយ លើប្រទេសជិតខាងនានា”។
គួរបញ្ជាក់ថា កាលពីថ្ងៃចន្ទ ក្រសួងការពារជាតិអ៊ុយក្រែន បានបដិសេធសេចក្តីរាយការណ៍ របស់ប្រព័ន្ធផ្សព្វផ្សាយមួយ ដែលថា ប្រទេសរុស្ស៊ីកំពុងបង្កើនវត្តមាន ទ័ពនៅព្រំដែន ដោយនិយាយថា ខ្លួនអង្កេតមិនឃើញ ការកើនឡើងផ្នែកកងកម្លាំង ឬក៏សព្វាវុធនោះទេ៕ ប្រែសម្រួល៖ប៉ាង កុង
