សកលវិទ្យាល័យ Oxford ដែលជាសាលាដ៏ល្បីមួយនៅលើពិភពលោក ប្រចាំអង់គ្លេស នឹងប្ដូរឈ្មោះមហាវិទ្យាល័យមួយរបស់ខ្លួនទៅតាមឈ្មោះអ្នកស្រី Nguyen Thi Phuong Thaoសេដ្ឋិនីមានទ្រព្យសម្បត្តិពាន់លានដុល្លារ ប្រចាំប្រទេសវៀតណាម ដែលជាម្ចាស់ក្រុមហ៊ុនអាកាសចរ VietJet Air ប្រធានក្រុមហ៊ុនអចលនទ្រព្យ Sovico Group និងជាអនុប្រធានធនាគារ HDBank ។ នេះបើយោងតាមការចុះផ្សាយរបស់កាសែត Nikkei Asia កាលពីថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២១ម្សិលមិញ។
មហាវិទ្យាល័យដែល Oxford នឹងប្ដូរឈ្មោះនោះគឺមហាវិទ្យាល័យ Linacre ដែលជាសាលាសម្រាប់ថ្នាក់ក្រោយបរិញ្ញាបត្រ នឹងប្ដូរឈ្មោះទៅជាមហាវិទ្យាល័យ Thao វិញក្រោយ ក្រុមហ៊ុនអចលនទ្រព្យ Sovico Group ដែលមានមហាសេដ្ឋិនីមានទ្រព្យសម្បត្តិ ២.៧ពាន់លានដុល្លាររូបនេះជាប្រធាន បានបរិច្ចាគទឹកប្រាក់ជាង ២១១លានដុល្លារទៅឲ្យសកលវិទ្យាល័យមួយនេះ។
ក្រុមហ៊ុន Sovico Group នេះបានទៅចុះ អនុស្សរណៈនៃការយោគយល់ (MOU) ក្នុងកិច្ចបរិច្ចាគទឹកប្រាក់រយលានដុល្លារនេះរួចរាល់ហើយកាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២១ ជាមួយភាគីខាងសាលា ដែលមានការចូលរួមដោយអ្នកស្រី Thao ថ្នាក់ដឹកនាំសាលា Linacre ដែលជាពិសេសនោះគឺលោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាមផងដែរ ដោយលោកបានឆ្លៀតមកចូលរួមក្នុងកំឡុងពេលដែលលោកមានបេសកកម្មចូលរួមសន្និសីទបម្រែបម្រួលអាកាសធាតុរបស់អង្គការសហប្រជាជាតិឆ្នាំ២០២១ (2021 United Nations Climate Change Conference) ឬ COP26 នៅសប្ដាហ៍នេះនៅចក្រភពអង់គ្លេស។
ទាក់ទងនឹងការបរិច្ចាគលុយរាប់រយលានដុល្លារនេះប្រជាជនវៀតណាមជាច្រើនមានការសាទរជាខ្លាំងប៉ុន្តែប្រជាជនមួយចំនួនក៏មិនសប្បាយចិត្តផងដែរ ដោយលើកហេតុផលថា មូលហេតុអ្វីមិនមកបរិច្ចាគលុយនេះមកប្រទេសកំណើតខ្លួន៕
ប្រភព៖http://sabay