ហាវ៉ាណា៖ យោងតាមការប្រកាស ដោយក្រសួងពាណិជ្ជកម្ម និងវិនិយោគរបស់ប្រទេសគុយបា កាលពីថ្ងៃព្រស្បតិ៍ម្សិលមិញ បានបង្ហាញថាប្រទេស នឹងអាចរំពឹងទុកបានថា សន្ទុះសេដ្ឋកិច្ចនឹងមើលឃើញកំណើនឡើងវិញ ជាពិសេសជាមួយនឹងទំហំ នៃវិនិយោគបរទេស នៅក្នុងឆ្នាំ២០២២ខាងមុខនេះ ទៅដល់ប្រមាណជា ២០០០លានដុល្លារ។

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងវិនិយោគលោក Rodrigo Malmaierca បានថ្លែងថានៅក្នុងការរំពឹងទុក របស់ប្រទេសទំហំវិនិយោគដោយបរទេស នឹងមានការកើនឡើងខ្លាំង ពីព្រោះថារដ្ឋាភិបាលរបស់គុយបា បានដាក់អទិភាពខ្លាំង ទៅលើយុទ្ធសាស្ត្រសេដ្ឋកិច្ច ជាគោលផ្តោតសំខាន់ លើវិស័យថាមពលបៃតង វិស័យទេសចរណ៍ ព្រមទាំងផលិតកម្មម្ហូបអាហារផងដែរ។
ក្នុងនោះផងដែរ លោករដ្ឋមន្ត្រីក៏បានគូសបញ្ជាក់ដែរ អំពីសារៈសំខាន់ក្នុងភាពជាដៃគូ ជាមួយនឹងប្រទេសចិន ជាពិសេសទៅលើសកម្មភាព ធ្វើពាណិជ្ជកម្មរវាងគ្នាដោយគុយបា គឺតែងតែស្វាគមន៍យ៉ាងខ្លាំង ចំពោះវត្តមានវិនិយោគ របស់ប្រទេសចិន។
គួរឲ្យដឹងដែរថាផលិតផលក្នុងស្រុក សរុបរបស់ប្រទេសគុយបា បានដាំក្បាលចុះប្រមាណជា១៣ភាគរយ កាលពីឆ្នាំកន្លងទៅដោយសារតែ បញ្ហាវិបត្តិកូវីដគិតចាប់តាំង តែពីខែមិនាឆ្នាំ២០២០៕ ប្រែសម្រួល៖ស៊ុនលី
