ព័ត៌មានអន្តរជាតិ

ក្រុមរដ្ឋសភាអាមេរិក ចេញសេចក្តីព្រាងច្បាប់ ជំរុញបង្កើន កិច្ចការពារតៃវ៉ាន់ ប្រឆាំងនឹងចិន

បរទេស៖ ស្របពេលមានក្តីព្រួយបារម្ភកើនឡើង ជុំវិញមហិច្ឆតាយោធា របស់ប្រទេសចិន នៅក្នុងតំបន់អាស៊ី ក្រុមសមាជិកព្រឹទ្ធសភាអាមេរិក មកពីគណបក្សសាធារណរដ្ឋ នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ បានចេញនូវសេចក្តីព្រាងច្បាប់ ដើម្បីពង្រឹងកិច្ចការពាររបស់កោះតៃវ៉ាន់ ប្រឆាំងនឹងប្រទេសចិន។

ការបង្ហាញនូវសេចក្តីព្រាងច្បាប់នេះ គឺត្រូវបានធ្វើឡើងក្រោយមួយថ្ងៃ បន្ទាប់ពីមន្ទីរបញ្ចកោណ បានចេញនូវរបាយការណ៍ អំណាចយោធាចិន ដែលនៅលើសេចក្តីបកស្រាយថា ប្រទេសអាស៊ីនេះ កំពុងតែពង្រីកយ៉ាងលឿន នូវឃ្លាំងនុយក្លេអ៊ែនោះ បាននិយាយថា ទីក្រុងប៉េកាំងកំពុងតែបង្កើន សម្ពាធលើកោះតៃវ៉ាន់។

ច្បាប់ការពារតៃវ៉ាន់ ដែលចេញដោយសមាជិកព្រឹទ្ធសភា លោក Jim Risch ជាសមាជិកជាន់ខ្ពស់ នៃគណៈកម្មការកិច្ចការបរទេស របស់ព្រឹទ្ធសភានោះ នឹងអនុញ្ញាត ឲ្យផ្តល់ហិរញ្ញប្បទានយោធាបរទេស ចំនួន២ពាន់លានដុល្លារ ក្នុងមួយឆ្នាំ សម្រាប់កោះតៃវ៉ាន់ និងធ្វើវិសោធន៍កម្មច្បាប់ គ្រប់គ្រងការនាំចេញអាវុធ ដើម្បីធ្វើឲ្យប្រសើរឡើងនូវសមត្ថភាព ផ្ទេរអាវុធឲ្យដល់រដ្ឋាភិបាល ទន្ទឹមនឹងតម្រូវឲ្យមាន ការវាយតម្លៃប្រចាំឆ្នាំ លើកិច្ចប្រឹងប្រែងរបស់តៃវ៉ាន់ អភិវឌ្ឍកិច្ចការពារទប់ទល់ នឹងប្រទេសចិន។

គួរបញ្ជាក់ថា ក្នុងរយៈពេល២ខែកន្លេងទៅ យោធារបស់ប្រទេសចិន បានបញ្ជូនយន្តហោះចូល ទៅក្នុងដែនអាកាសតៃវ៉ាន់រាប់រយដង ហើយក្នុងខែមុននេះ រដ្ឋមន្ត្រីការពារជាតិតៃវ៉ាន់ លោក Chiu Kuo-cheng បានប្រាប់សមាជិករដ្ឋសភាថា ភាពតានតឹងជាមួយប្រទេសចិន គឺជារឿងធ្ងន់ធ្ងរដែលលោក បានជួបប្រទះក្នុងរយៈពេល ៤ទសវត្សកន្លងមក៕ ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top