ព័ត៌មានអន្តរជាតិ

ក្រុមហ៊ុន Rolls-Royce បើកដំណើរការ​ អាជីវកម្មម៉ាស៊ីន រ៉េអាក់ទ័រ នុយក្លេអ៊ែរ

ទីក្រុងឡុងដ៍ ៖ ក្រុមហ៊ុនផលិតម៉ាស៊ីន យន្តហោះ របស់ចក្រភព អង់គ្លេស Rolls-Royce បានចាប់ផ្តើមផែនការ សាងសង់ម៉ាស៊ីនរ៉េអាក់ទ័រ នុយក្លេអ៊ែរ តម្លៃទាបខ្នាតតូច ដើម្បីជួយកាត់បន្ថយការបញ្ចេញ កាបូន របស់ប្រទេសមួយ នេះយោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ ។

ដំណឹងនេះកើតឡើង នៅពេលចក្រភពអង់គ្លេស បន្តដំណើរការគម្រោងខ្នាតធំ រួមទាំង Hinkley Point C នឹងក្លាយជារោងចក្រនុយក្លេអ៊ែរដំបូង គេរបស់ប្រទេសសម្រាប់មួយជំនាន់។ ក្រុមហ៊ុន Rolls-Royce បាននិយាយថា ខ្លួនបានបង្កើតផ្នែកម៉ាស៊ីន រ៉េអាក់ទ័រ ខ្នាតតូច (SMR) ថ្មីមួយ បន្ទាប់ពីបានបញ្ចូល ទឹកប្រាក់ចំនួន ៤០៥ លានផោន (៥៤៧លានដុល្លារ ឬ៤៧៣លានអឺរ៉ូ) ។

ម៉ាស៊ីនរ៉េអាក់ទ័រ SMR មានតម្លៃថោកជាង ក្នុងការសាងសង់ជាងរោងចក្រ នុយក្លេអ៊ែរខ្នាតធំ ដោយសារការផលិត និងការផ្គុំភាគច្រើន ត្រូវបានធ្វើឡើងនៅរោងចក្រ មុនពេលដឹកជញ្ជូន ទៅកាន់ទីតាំង ។ Rolls បានបន្ថែម នៅក្នុងសេចក្តីថ្លែង ការណ៍មួយថា ការប្រកាសនៅថ្ងៃនេះ គឺជាជំហានមួយទៀត ឆ្ពោះទៅរកការផ្តល់យុទ្ធសាស្ត្រ សូន្យសុទ្ធរបស់រដ្ឋាភិបាល ។

ក្រុមបរិស្ថានបាននិយាយថា ចក្រភពអង់គ្លេសគួរ តែវិនិយោគលើបច្ចេកវិទ្យា ដែលអាចកកើតឡើងវិញជំនួសវិញ។ រដ្ឋាភិបាលអង់គ្លេស ដែលបច្ចុប្បន្នធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំកំពូលស្តីពីការប្រែប្រួលអាកាសធាតុ នៅទីក្រុង Glasgow មានបំណងឈានដល់សូន្យកាបូននៅឆ្នាំ ២០៥០ ដោយមានជំនួយពីនុយក្លេអ៊ែរ ។

ក្រុមនេះបានបន្ថែមនៅក្នុងសេចក្តី ថ្លែងការណ៍មួយថា ក្រុមហ៊ុន Rolls-Royce, BNF Resources និង Exelon Generation នឹងរួមគ្នាបណ្តាក់ទុនចំនួន ១៩៥ លានផោនក្នុងរយៈពេល ៣ ឆ្នាំ រួមជាមួយនឹងជំនួយឥតសំណង របស់រដ្ឋចំនួន ២១០ លានផោន ៕ ដោយ៖លី ភីលីព

Most Popular

To Top