WHO ៖តាមរបាយការណ៍ថ្មីពីអង្គការសុខភាពពិភពលោក (WHO) បានប្រាប់ឲ្យដឹងថា ពិភពលោកអាចនឹងមានការខ្វះខាតសឺរ៉ាំងចំនួន២ ពាន់លានសឺរ៉ាំងក្នុងឆ្នាំ២០២២ ដែលគំរាមកំហែងដល់យុទ្ធសាស្ត្រចាក់វ៉ាក់សាំងការពារមេរោគ COVID-19 របស់ប្រទេសនានានេះ បើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល អង្គការសុខភាពពិភពលោក(WHO)បន្តថា កង្វះខាតនេះគឺជាលទ្ធផល នៃយុទ្ធនាការវ៉ាក់សាំងការពារមេរោគ COVID-19 នៅទូទាំងពិភពលោកដែលមានជាង ៧,២៥ ពាន់លានដូសត្រូវបានគ្រប់គ្រងនៅជុំវិញពិភពលោកដែលជាចំនួន២ដង នៃចំនួនវ៉ាក់សាំងស្តង់ដារបានផ្តល់ឲ្យក្នុងមួយឆ្នាំ។ សឺរ៉ាំង២ដង កំពុងត្រូវបានប្រើប្រាស់ដែលធ្វើឲ្យខូចដល់ការផ្គត់ផ្គង់ជាសកល។
WHO បានបន្ថែមថា ប្រសិនបើផលិតកម្មមិនកើនឡើងទេ វាអាចនាំឲ្យមានការស្តុកទុក និងការភ័យស្លន់ស្លោក្នុងការទិញ និងការខិតខំប្រឹងប្រែងយ៉ាងតឹងរ៉ឹងដើម្បីការពារមនុស្សពីជំងឺជាច្រើន។ លោកស្រី Lisa Hedman ទីប្រឹក្សាជាន់ខ្ពស់របស់ WHO នៃផ្នែកសិទ្ធិទទួលបានថ្នាំ និងផលិតផលសុខភាពថា យើងកំពុងលើកឡើងពីការព្រួយបារម្ភពិតប្រាកដថា យើងអាចខ្វះសឺរ៉ាំងចាក់ថ្នាំបង្ការរោគនាំឲ្យមានបញ្ហាធ្ងន់ធ្ងរ ដូចជាការពន្យឺតកិច្ចខិតខំប្រឹងប្រែងចាក់ថ្នាំបង្ការរោគ។
អាស្រ័យលើរបៀបដែលការចាក់វ៉ាក់សាំងដំណើរការ វាអាចមានឱនភាពពី១ ពាន់លានទៅ ២ ពាន់លាន។ លោកស្រី Hedman បានបន្តថា ដោយផ្អែកលើសេណារីយ៉ូនៃមនុស្សប្រមាណ៧ពាន់លាននាក់ ត្រូវការវ៉ាក់សាំងការពារមេរោគឆ្លងលើក២នៅចន្លោះពេលនេះដល់ឆ្នាំ ២០២៣ និងសមត្ថភាពផលិតជាសកលនៃសឺរ៉ាំងចាក់ថ្នាំបង្ការប្រហែល៦ពាន់លានក្នុងមួយឆ្នាំ ហើយវាច្បាស់ណាស់ថា ឱនភាពនៅឆ្នាំ២០២២ជាងមួយពាន់លានម្ជុលអាចកើតឡើង ប្រសិនបើយើងបន្តអាជីវកម្មដូចធម្មតា៕
ដោយ៖លី ភីលីព