បរទេស ៖ សម្ពន្ធមិត្តលោកខាងលិច របស់ប្រទេសអ៊ុយក្រែន នាពេលថ្មីៗនេះ បានបង្កើនកិច្ចប្រឹងប្រែង ការទូត ព្រមានប្រទេសរុស្ស៊ី មិនឲ្យធ្វើការចាប់ផ្តើម នូវភាពតានតឹងយោធា ទៅលើប្រទេស អ៊ុយក្រែន នេះបើយោងតាមសម្តីរដ្ឋមន្ត្រី ការបរទេស អ៊ុយក្រែន លោក Dmytro Kuleba បានមានប្រសាសន៍ ប្រាប់សន្និសីទ កាសែតមួយ នៅថ្ងៃសុក្រនេះ ។
លោករដ្ឋមន្ត្រីការបរទេស របស់ប្រទេសអ៊ុយក្រែន តាមសេចក្តីរាយការណ៍ បានមានប្រសាសន៍ប្រាប់យ៉ាងដូច្នេះថា “នេះគឺជាផ្លូវនយោបាយ ដែលគោលជំហរជាក់លាក់ ទាក់ទងជាមួយ ប្រទេសរុស្ស៊ី ហើយផលវិបាក សម្រាប់ប្រទេសរុស្ស៊ី ត្រូវបានយកមកពិភាក្សាគ្នា ប្រសិនបើវាបែរ ទៅរករលកថ្មីនៃការឈ្លានពាន មកលើប្រទេសរបស់យើង” ។
វិមានក្រឹមឡាំង កាលពីមុន បានធ្វើការច្រានចោល នូវសេចក្តីរាយការណ៍ របស់ប្រព័ន្ធផ្សព្វផ្សាយមួយ ដែលបានលើកឡើងថា សហរដ្ឋអាមេរិក មានក្តីព្រួយបារម្ភថា ទីក្រុងមូស្គូនឹងចាប់ផ្តើមធ្វើការ វាយប្រហារមួយទៅលើប្រទេស អ៊ុយក្រែន ដោយនិយាយថា ប្រទេសរុស្ស៊ីមិនបានបង្កការគម្រាមកំហែង ចំពោះអ្នកណាម្នាក់នោះទេ ។
គួរបញ្ជាក់ថា នាពេលថ្មីៗនេះ សហរដ្ឋអាមេរិក បានធ្វើការព្រមាន ដល់សម្ពន្ធមិត្តអឺរ៉ុបរបស់ខ្លួនថា ប្រទេសរុស្ស៊ីអាច នឹងកំពុងតែរៀបចំផែនការ ឈ្លានពានប្រទេសអ៊ុយក្រែនដដែលៗ ដូចជាការ ដែលយកតំបន់គ្រីមាដាក់ ចូលជាឧបសម្ព័ន្ធខ្លួន កាលពីក្នុងឆ្នាំ២០១៤៕
ប្រែសម្រួល៖ប៉ាង កុង