ព័ត៌មានអន្តរជាតិ

រុស្ស៊ី ចាប់ផ្តើមផ្គត់ផ្គង់មីស៊ីល ឲ្យទៅប្រទេសឥណ្ឌា បើទោះជាប្រថុយ នឹងទណ្ឌកម្មអាមេរិក

បរទេស៖ ទីភ្នាក់ងារសារព័ត៌មានរដ្ឋរុស្ស៊ី ដែលដកស្រង់សម្តីលោក Dmitry Shugayev ជាប្រធានទីភ្នាក់ងារ សហប្រតិបត្តិការយោធារុស្ស៊ី បានរាយការណ៍ នៅថ្ងៃអាទិត្យនេះថា ប្រទេសរុស្ស៊ី នាពេលថ្មីៗនេះ បានចាប់ផ្តើមធ្វើការផ្គត់ផ្គង់ ឲ្យប្រទេសឥណ្ឌា នូវប្រព័ន្ធមីស៊ីល ការពារដែនអាកាស S-400។

ការផ្គត់ផ្គងមីស៊ីលនេះ ធ្វើឲ្យប្រទេសឥណ្ឌាប្រថុយ នឹងទណ្ឌកម្មពីសហរដ្ឋអាមេរិក ក្រោមច្បាប់អាមេរិកឆ្នាំ២០១៧ ដែលមានគោលបំណង ទប់ស្កាត់ប្រទេស មិនឲ្យទិញយកឧបករណ៍យោធា របស់ប្រទេសរុស្ស៊ី ហើយទីភ្នាក់ងារសារព័ត៌មាន Interfax បាននិយាយនៅក្នុងពិធីពិព័រណ៍ ជំនួញឧបករណ៍ដែនអាកាសមួយ ក្នុងទីក្រុងឌូបៃ នៅថ្ងៃអាទិត្យនេះថា លោក Shugayev បានមានប្រសាសន៍ថា ការផ្គត់ផ្គង់ដំបូង បានចាប់ផ្តើមរួចរាល់ហើយ។

យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន TEXAS NEWS TODAY នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២១ បានឲ្យដឹងថា លោកបានមានប្រសាសន៍ថា ក្រុមដំបូងនៃប្រព័ន្ធ S-400 នឹងទៅដល់ប្រទេសឥណ្ឌា នៅចុងឆ្នាំនេះ។
គួរបញ្ជាក់ថា ប្រតិបត្តិការទឹកប្រាក់ ៥,៥ពាន់លានដុល្លារ សម្រាប់ប្រព័ន្ធមីស៊ីល វាយប្រហារពីដីទៅអាកាស រយៈចម្ងាយឆ្ងាយចំនួន៥ ដែលរដ្ឋនានារបស់ឥណ្ឌា ត្រូវការដើម្បីទប់ទល់ នឹងការគម្រាមកំហែង ពីប្រទេសចិន គឺត្រូវបានចុះហត្ថលេខា នៅក្នុងឆ្នាំ២០១៨​។

ប្រទេសឥណ្ឌា ប្រឈមមុខនឹងទណ្ឌកម្មហិរញ្ញវត្ថុជាច្រើន ពីសហរដ្ឋអាមេរិក ក្រោមច្បាប់ប្រឆាំងទណ្ឌកម្មអាមេរិក ហៅកាត់ថា CAATSA៕ ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top