បរទេស៖ ប្រធានាធិបតីរុស្សីលោក Vladimir Putin បានថ្លែងនៅក្នុងបទសំភាសមួយ កាលពីថ្ងៃអាទិត្យថាគាត់បដិសេធ មិនទទួលយកសំណើ របស់ក្រសួងការពារជាតិ ដើម្បីប្រឈមមុខកងកម្លាំងយោធា ជាមួយនឹងយោធារបស់ណាតូ ក្នុងតំបន់សមុទ្រខ្មៅដោយលោកបញ្ជាក់ថា មិនចង់បង្កើនសំពាធថែមទៀត ជាមួយនឹងណាតូនោះឡើយ។

កន្លងមកថ្មីៗនេះប្រទេសរុស្ស៊ី ធ្លាប់បានទិះតៀនរួចមកហើយ ចំពោះសកម្មភាពយោធាដែលត្រូវបានបង្កើនឡើង ដោយសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តនៅក្នុងតំបន់សមុទ្រខ្មៅ ថាជារឿងដ៏គ្រោះថ្នាក់បំផុត ដោយក្នុងនោះមានទាំងការហោះហើរ យន្តហោះស៊ើបការណ៍របស់អ៊ឺរ៉ុប និងយុទ្ធទំលាក់គ្រាប់បែក ព្រមទាំងវត្តមានរបស់នាវាចម្បាំង របស់អាមេរិកផងដែរ។
ភាពតានតឹងរវាងរុស្ស៊ី និងអាមេរិកបានកើនឡើង ក្នុងរយៈពេលចុងក្រោយនេះដែលភាគីទាំងសងខាង បានបង្កើនកម្លាំងយោធាដូចគ្នា ទៅក្នុងតំបន់ជម្លោះដូចជានៅអ៊ុយក្រែន តំបន់ Crimea និងតំបន់សមុទ្រខ្មៅនេះជាដើម ដោយភាគីទាំងសងខាង បានយកឡេសរៀងខ្លួន ដើម្បីរៀបចំសកម្មភាពទាំងនេះឡើង៕ ប្រែសម្រួល៖ស៊ុនលី

