ព័ត៌មានអន្តរជាតិ

អេស្តូនីប្រកាស ធ្វើសមយុទ្ធយោធា និងរាយបន្លាលួស នៅតាមព្រំដែនរុស្ស៊ី

បរទេស៖រដ្ឋាភិបាលអេស្តូនី នៅថ្ងៃពុធនេះ បានកោះហៅទាហានបម្រុងចំនួន១.៧០០នាក់ ដើម្បីឲ្យចូលរួមសមយុទ្ធមិនប្រកាសទុកមុនមួយ ដែលនឹងរួមមានទាំងការធ្វើរបងបន្លាលួស នៅតាមព្រំដែនមានប្រវែង៤០គីឡូម៉ែត្រ ជាប់នឹងប្រទេសរុស្ស៊ី ស្របពេលដែលវិបត្តិអន្តោប្រវេសន៍នៅក្នុងប្រទេសបេឡារុសកើនឡើង។

សហភាពអឺរ៉ុប នាពេលថ្មីៗនេះ បានចោទប្រកាន់ប្រទេសបេឡារុស ពីបទជំរុញលើកទឹកចិត្តឲ្យជនអន្តោប្រវេសន៍ មកពីតំបន់មជ្ឈិមបូព៌ានិងអាហ្វ្រិក ធ្វើដំណើរចូលមកទឹកដីខ្លួន ហើយជំរុញឲ្យពួកគេរាប់ពាន់នាក់ ធ្វើដំណើរឆ្លងចូលទៅប្រទេសជាសមាជិកសហភាពអឺរ៉ុបនិងអង្គការណាតូ គឺប្រទេសប៉ូឡូញ លីទុយអានី និងឡាតវី ដើម្បីជាការសងសឹកចំពោះទណ្ឌកម្ម ដែលបានដាក់រួចហើយលើទីក្រុង Minsk ប៉ុន្តែប្រទេសបេឡារុស បានបដិសេធចំពោះការចោទប្រកាន់នេះ។

សមាជិកសហភាពអឺរ៉ុប ដែលជាប្រទេសជិតខាងរបស់ប្រទេសបេឡារុស នាពេលថ្មីៗនេះ បានធ្វើការព្រមានថា វិបត្តិអាចនឹងនាំទៅរកការប៉ះទង្គិចគ្នាដោយយោធា និងបានប្រកាសដាក់ប្រទេសក្នុងគ្រាអាសន្ន ព្រមទាំងបានដាក់ពង្រាយកងកម្លាំងយោធា នៅជិតព្រំដែនរបស់ពួកគេទៀតផង។

សមយុទ្ធដែលមិនបានប្រកាសទុកមុននេះ គ្រោងនឹងប្រព្រឹត្តទៅរហូតដល់ថ្ងៃទី២៥ ខែវិច្ឆិកា និងត្រូវបានគេហៅថាដើម្បីតេស្តការឆ្លើយតបរហ័សរបស់ក្រសែនៃទីបញ្ជាការជាតិ នេះបើយោងតាមសម្តីរបស់រដ្ឋាភិបាលនៃប្រទេសអេស្តូនី បានប្រាប់ឲ្យដឹង៕

Most Popular

To Top