ប្រេស៊ីល៖ទូរទស្សន៍ BBC បានផ្សព្វផ្សាយនៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២១ថា ទិន្នន័យផ្លូវការបង្ហាញថា ការកាប់បំផ្លាញព្រៃឈើ នៅក្នុងព្រៃអាម៉ាហ្សូន របស់ប្រទេសប្រេស៊ីល បានឈានដល់កម្រិតខ្ពស់បំផុត ក្នុងរយៈពេលជាង១៥ឆ្នាំមកនេះ។

របាយការណ៍មួយ របស់ទីភ្នាក់ងារស្រាវជ្រាវអវកាស របស់ប្រទេសប្រេស៊ីល ហៅកាត់ (Inpe) បានរកឃើញថា ការកាប់បំផ្លាញព្រៃឈើ បានកើនឡើង២២ភាគរយក្នុងមួយឆ្នាំ ។
ប្រទេសប្រេស៊ីល ស្ថិតក្នុងចំណោមប្រទេសមួយចំនួន ដែលបានសន្យាថា នឹងបញ្ចប់ និងបញ្ច្រៀសការកាប់ព្រៃឈើ នៅឆ្នាំ ២០៣០ ក្នុងអំឡុងពេលកិច្ចប្រជុំកំពូលអាកាសធាតុ COP26 ។
អាម៉ាហ្សូន ជាជម្រកនៃរុក្ខជាតិ និងសត្វប្រហែល ៣លានប្រភេទ និងជនជាតិដើមភាគតិច១លាននាក់។
វាគឺជាឃ្លាំងផ្ទុកកាបូនដ៏សំខាន់ ដែលបន្ថយល្បឿន នៃការឡើងកំដៅផែនដី។
យោងតាមទិន្នន័យចុងក្រោយ ផ្ទៃដីប្រហែល១៣.២៣៥គីឡូម៉ែត្រការ៉េ ត្រូវបានបាត់បង់ក្នុងអំឡុងពេល២០២០ ដល់២០២១ ដែលជាចំនួនខ្ពស់បំផុតចាប់តាំងពីឆ្នាំ២០០៦ ។
រដ្ឋមន្ត្រីក្រសួងបរិស្ថាន Joaquim Leite បានលើកឡើងថា ទិន្នន័យនេះតំណាងឱ្យ “ការប្រឈម” ហើយបានឲ្យដឹងថា “យើងត្រូវតែបង្ខំឱ្យកាន់តែខ្លាំងទាក់ទងនឹងឧក្រិដ្ឋកម្មទាំងនេះ” ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា
