ព័ត៌មានអន្តរជាតិ

ហ្វីលីពីន ថ្កោលទោសយ៉ាងខ្លាំង ទៅលើសកម្មភាពនាវាឆ្មាំ នៅសមុទ្រចិនខាងត្បូង


ម៉ានីល៖ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២១ថា ហ្វីលីពីនកាលពីថ្ងៃព្រហស្បតិ៍ បានថ្កោលទោស “ក្នុងន័យខ្លាំងបំផុត” លើសកម្មភាពរបស់នាវាឆ្មាំ សមុទ្រចិនចំនួន៣គ្រឿង ដែលខ្លួនបាននិយាយថា បានរារាំង និងប្រើប្រាស់កាណុងបាញ់ទឹកលើទូកផ្គត់ផ្គង់ ដែលធ្វើដំណើរឆ្ពោះទៅកាន់ដែនកោះ ដែលកាន់កាប់ដោយហ្វីលីពីន នៅសមុទ្រចិនខាងត្បូង ។

លោក Teodoro Locsin រដ្ឋមន្ត្រីការបរទេស បានឲ្យដឹងថា គ្មានអ្នកណាម្នាក់ រងរបួសក្នុងអំឡុងពេលឧប្បត្តិហេតុកាលពីថ្ងៃអង្គារនៅឯ Second Thomas Shoal ប៉ុន្តែកប៉ាល់ហ្វីលីពីន ដែលកំពុងដឹកជញ្ជូនអាហារដល់បុគ្គលិកយោធា ដែលមានមូលដ្ឋាននៅទីនោះត្រូវលុបចោលបេសកកម្មរបស់ពួកគេវិញ ។

លោក Locsin បានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ប្រទេសចិន មិនមានសិទ្ធិអនុវត្តច្បាប់នៅក្នុង និងជុំវិញតំបន់ទាំងនេះទេ។ ពួកគេត្រូវតែយកចិត្តទុកដាក់ និងដកថយ” ដោយរំឭកប្រទេសចិន ថា នាវាសាធារណៈត្រូវបាន គ្របដណ្តប់ដោយសន្ធិសញ្ញាការពារគ្នាទៅវិញទៅមកហ្វីលីពីន-សហរដ្ឋអាមេរិក ។

លោក Locsin បានលើកឡើងថា លោកបានបញ្ជូន “ក្នុងន័យខ្លាំងបំផុត” ទៅកាន់ឯកអគ្គរដ្ឋទូតចិន ប្រចាំទីក្រុងម៉ានីល “ការខឹងសម្បារ ការថ្កោលទោស និងការតវ៉ារបស់យើងចំពោះឧប្បត្តិហេតុ” ។

ស្ថានទូតចិន មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយ របស់ទីភ្នាក់ងាររ៉យទ័រនៅឡើយទេ ៕

Most Popular

To Top