ព័ត៌មានអន្តរជាតិ

របាយការណ៍ ៖ សេតវិមាន ស្នើឱ្យមន្ទីរបញ្ចកោណ ពិនិត្យពិច័យលើសមយុទ្ធយោធា នៅអឺរ៉ុប ដើម្បីរារាំងរុស្ស៊ី

បរទេស ៖ សេតវិមានអាមេរិក បានស្នើឱ្យមន្ទីរបញ្ចកោណផ្តល់ឱ្យពួកគេនូវការវិភាគ និងយុត្តិកម្ម នៃសមយុទ្ធយោធា របស់សហរដ្ឋអាមេរិក ដែលបានធ្វើឡើង នៅអឺរ៉ុបក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ដើម្បីរារាំងរុស្ស៊ីចំពេលមានភាពតានតឹង កើនឡើងរវាងទីក្រុងម៉ូស្គូ និង ទីក្រុងវ៉ាស៊ីនតោន នេះបើយោងតាមការចុះផ្សាយ របស់កាសែត Washington Post នៅថ្ងៃសុក្រ ដោយដកស្រង់ សម្តីមន្ត្រីរដ្ឋបាលជាន់ខ្ពស់ម្នាក់ ។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២១ បានឱ្យដឹងថា មន្ត្រីរូបនេះ បាននិយាយថា សំណើដែលបានផ្ញើដោយសេតវិមាន គឺមានបំណងផ្តល់ឱ្យរដ្ឋបាលនូវភាព មើលឃើញពេញលេញនៅក្នុង សមយុទ្ធយោធា របស់សហរដ្ឋអាមេរិក និងសកម្មភាពរារាំងផ្សេងទៀត នៅក្នុងទ្វីបអឺរ៉ុប ។

មន្ត្រីរូបនេះបានបន្ថែមថា ខណៈពេលដែលសមយុទ្ធភាគច្រើននៅអឺរ៉ុប ត្រូវបានគេចោទប្រកាន់ថា ផ្តោតលើការការពារប្រឆាំងនឹងរុស្ស៊ី សំណើនេះក៏ទាក់ទងទៅនឹងសកម្មភាព យោធាអាមេរិកផ្សេងទៀត នៅលើទ្វីបផងដែរ ។

របាយការណ៍នេះកើតឡើង ចំពេល មានភាពតានតឹងកើនឡើង រវាងសហរដ្ឋអាមេរិក និងរុស្ស៊ីបន្ទាប់ពី ការសាកល្បង មីស៊ីលប្រឆាំងផ្កាយរណប ដោយទីក្រុងមូស្គូ ក៏ដូចជាការចោទប្រកាន់ថា បញ្ជូនកងកម្លាំងយោធារុស្ស៊ី នៅជិតព្រំដែន ជាមួយអ៊ុយក្រែន ដែលមន្ត្រីមន្ទីរបញ្ចកោណបានសម្តែង ការព្រួយបារម្ភ និងអំពាវនាវ ឱ្យមានតម្លាភាព ។ យ៉ាងណាក៏ដោយ រុស្ស៊ីបានបដិសេធរបាយការណ៍ទាំងនេះថា វាផ្ទុយនឹងការពិត៕

ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top