បរទេស៖នាវាចម្បាំងសហរដ្ឋអាមេរិកមួយរូប នៅថ្ងៃអង្គារនេះ បានធ្វើដំណើរឆ្លងកាត់ តាមច្រកសមុទ្រតៃវ៉ាន់ ជាផ្នែកនៃអ្វីដែលយោធាសហរដ្ឋអាមេរិក ហៅថា ជាសកម្មភាពតាមប្រក្រតីធម្មតា ប៉ុន្តែតែងតែធ្វើឲ្យប្រទេសចិន ដែលមានរដ្ឋាភិបាលជឿថា ទីក្រុងវ៉ាស៊ីនតោនកំពុងព្យាយាមបង្កឲ្យមានភាពតានតឹងក្នុងតំបន់នោះ មានការខឹងសម្បារ។
តាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Today World នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១ បានឲ្យដឹងថា កងទ័ពជើងទឹកសហរដ្ឋអាមេរិក បាននិយាយថា នាវាពិឃាតសមត្ថភាពមីស៊ីល Milius បានធ្វើដំណើរឆ្លងកាត់តាមច្រកសមុទ្រតៃវ៉ាន់តាមធម្មតា នៅលើដែនទឹកអន្តរជាតិ ដែលអនុលោមតាមច្បាប់អន្តរជាតិ។
កងទ័ពជើងទឹកអាមេរិក ក៏បាននិយាយបន្ថែមថា ការធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់នេះ បង្ហាញឲ្យឃើញនូវការប្តេជ្ញារបស់សហរដ្ឋអាមេរិក ចំពោះសេរីភាពនិងបើកចំហនៃតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ហើយយោធាសហរដ្ឋអាមេរិក តែងតែងបើកយន្តហោះ នាវា និងធ្វើប្រតិបត្តិការ នៅទីណាមួយដែលច្បាប់អន្តរជាតិអនុញ្ញាត។
គួរបញ្ជាក់ថា កាលពីខែមុន យោធារបស់ប្រទេសចិន បានធ្វើការថ្កោលទោសសហរដ្ឋអាមេរិកនិងប្រទេសកាណាដា សម្រាប់ការបញ្ជូននាវាចម្បាំងឲ្យធ្វើដំណើរកាត់តាមច្រកសមុទ្រតៃវ៉ាន់ ដោយនិយាយថា ពួកគេកំពុងតែគម្រាមកំហែងដល់សន្តិភាពនិងស្ថិរភាពនៅក្នុងតំបន់៕