បរទេស៖ យោងតាមការចេញផ្សាយ របស់កាសែតបរទេស នៅថ្ងៃពុធនេះបានឲ្យដឹងថា កងកម្លាំងយោធារបស់ចក្រភពអង់គ្លេស នឹងត្រៀមខ្លួនរួចរាល់ហើយ ដើម្បីធ្វើការចាកចេញ ពីប្រទេសកាណាដាបន្ទាប់ពី មានវត្តមាននៅទីនេះ អស់រយៈពេលជាង៥០ឆ្នាំមកហើយ និងត្រូវផ្លាស់ប្តូរមូលដ្ឋានហ្វឹកហាត់ ដ៏ធំរបស់ខ្លួនមួយនេះ ទៅកាន់តំបន់មជ្ឈឹមបូព៍ាជំនួសវិញ។
មូលដ្ឋានយោធា Batus ដែលស្ថិតនៅក្នុងទីក្រុង Albereta ភាគខាងលិចនៃប្រទេសកាណាដា ត្រូវបានគេស្គាល់ថាជាតំបន់មូលដ្ឋានទ័ព ដែលប្រតិបត្តិការតាំងតែពីឆ្នាំ១៩៧២ មកម្ល៉េះហើយ បានបន្តហ្វឹកហាត់ ដល់យោធារបស់អង់គ្លេស បានជាច្រើនពាន់ម៉ឺននាក់មកហើយ។
មូលដ្ឋានទ័ពដែលមានផ្ទៃក្រឡា រហូតទៅដល់២៧០០គីឡូម៉ែត្រការ៉េមួយនេះ ជារៀងរាល់សប្តាហ៍តែងតែ ប្រើប្រាស់សំភារៈយោធាជាច្រើន ដូចជារថយន្តយោធាជាង ១០០០គ្រឿង បូករួមទាំងរថក្រោះ និងឧទ្ធម្ភាគចក្រផងដែរ។
ទោះបីជាយ៉ាងណាក្តី រដ្ឋមន្ត្រីក្រសួងការពារជាតិអង់គ្លេស លោក Ben Wallance នឹងត្រូវបានគេរំពឹងទុកថា ធ្វើការប្រកាសជាផ្លូវការអំពីផែនការធំ ក្នុងការធ្វើទំនើបកម្មយោធារបស់អង់គ្លេស នៅចុងសប្តាហ៍នេះ ដែលក្នុងនោះរួមមានទាំងការ ផ្លាស់ប្តូរមូលដ្ឋានទ័ពហ្វឹកហាត់ ទៅកាន់ប្រទេសអូម៉ង់ផងដែរ៕ ប្រែសម្រួល៖ស៊ុនលី