បាកដាដ ៖ ទីបញ្ជាការប្រតិបត្តិការ រួមអ៊ីរ៉ាក់ (JOC) បានឲ្យដឹងថា កងកម្លាំងប្រយុទ្ធបរទេស នឹងចាកចេញពីអ៊ីរ៉ាក់ ក្នុងរយៈពេល ១៥ ថ្ងៃ លើកលែងតែទីប្រឹក្សាមួយចំនួន ដែលនឹងស្នាក់នៅ ដើម្បីគាំទ្រ ដល់កងកម្លាំងអ៊ីរ៉ាក់ ។
អ្នកនាំពាក្យរបស់ JOC លោក Tahseen al-Khafaji បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន អ៊ីរ៉ាក់ផ្លូវការថា ការបញ្ចប់វត្តមាន របស់កងកម្លាំងបរទេស កំពុងដំណើរការទៅតាមផែនការ ហើយមិនមានមូលដ្ឋានយោធា សម្រាប់ពួកគេនោះទេ លើកលែងតែវត្តមានមានកំណត់ នៅក្នុងមូលដ្ឋានទ័ពអាកាស Ayn al-Asad ក្នុងខេត្តភាគខាងលិចប្រទេស ។
លោកបានបន្ថែមថា “មានកាលវិភាគ សម្រាប់ប្រគល់អាវុធ និង ឧបករណ៍ដល់កងកម្លាំងអ៊ីរ៉ាក់” នេញបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន ចិនស៊ិនហួ។
កាលពីខែកក្កដា សហរដ្ឋអាមេរិក និងអ៊ីរ៉ាក់ បានបើកសម័យប្រជុំនៃកិច្ចសន្ទនាយុទ្ធសាស្ត្រ ក្នុងអំឡុងពេល ដែលប្រទេសទាំងពីរ បានយល់ព្រមលើការដកកង ទ័ពប្រយុទ្ធរបស់សហរដ្ឋអាមេរិក ទាំងអស់ចេញពីប្រទេសអ៊ីរ៉ាក់ ត្រឹមថ្ងៃទី៣១ ខែធ្នូ៕
ដោយ ឈូក បូរ៉ា