ព័ត៌មានអន្តរជាតិ

​នាយករដ្ឋមន្ត្រី​ស្ត្រី​ដំបូង​ ក្នុង​ប្រវត្តិសាស្ត្រ​ស៊ុយអែត​ ​លាលែង​ពី​តំណែង​ ក្រោយ​តែង​តាំង​ មិនបាន​ប៉ុន្មាន​ម៉ោង​ផង​

លោកស្រី ម៉ាកដាឡេណា អាន់ឌឺសុន (Magdalena Andersson) នាយករដ្ឋមន្ត្រី​ស្ត្រី​ដំបូង​បំផុត​ នៅ​ក្នុង​ ប្រវត្តិសាស្ត្រ​របស់​ប្រទេស​ស៊ុយអែត​ បាន​ប្រកាស​លាលែង​ពី​តំណែង​ ក្រោយ​សភា​បាន​បោះឆ្នោត ​តែង​តាំង​មិន​បាន​ ១២​ម៉ោង​ផង​។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ BBC នៅ​ក្នុង​ថ្ងៃ​នេះ​។

រឿង​រ៉ាវ​ទាំង​នេះ​ កើត​ឡើង​កាល​ពី​ថ្ងៃ​ពុធ​ម្សិលមិញ​ ​ក្រោយ​សភា​​តែង​តាំង​លោក​ស្រី​ Magdalena ជា​​នាយករដ្ឋមន្ត្រី​ ដោយ​រដ្ឋាភិបាល​ចម្រុះ ​ដែល​ដឹក​នាំ​ដោយ​លោក​ស្រី​ Magdalena មក​ពី​គណបក្ស​សង្គម​ប្រជាធិបតី​ និង​គណបក្ស​បៃតង​ ដែល​ជា​ដៃគូ​របស់​រដ្ឋាភិបាលលោក​ស្រី​ បាន​ស្នើ​គម្រោង​ថវិកា​ថ្មី​ប្រចាំ​ឆ្នាំ​ ដែល​ផ្ដោត​ទៅ​លើ​ការ​កាត់​ពន្ធ​ លើ​ប្រេងឥន្ធនៈ​ និង​បន្ថែម​ចំណាយ​លើ​ប្រព័ន្ធ​យុត្តិធម៌ ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​ឧក្រិដ្ឋកម្ម​ ដោយ​ក្រុម​ជន​ពាល​ ដែល​ប្រទេស​នេះ​ជួប​ប្រទះ​ច្រើន​សព្វថ្ងៃ​នេះ​។

គម្រោង​ថវិកា​ថ្មី​នេះ​មិន​ត្រូវ​បាន​សភា​អនុម័ត​ សម្រេច​ឲ្យ​ប្រើ​ប្រាស់​នោះ​ឡើយ​ ដោយ​សារ​តែ​មាន​សំឡេង ​ក្នុង​សភា​ភាគច្រើន​មិន​គាំទ្រ​។ ព្រោះ​តែ​រឿង​គម្រោង​ថវិកា​ថ្មី​មិន​អាច​ធ្វើ​ទៅ​បាន​ ខាង​សម្ព័ន្ធមិត្ត​របស់​រដ្ឋាភិបាល​ចម្រុះ ​គឺ​គណបក្ស​បៃតង​បាន​សម្រេច​ចាកចេញ​ពី ​រដ្ឋាភិបាល​ចម្រុះ​នេះ​ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​លោក​ស្រី​ Magdalena លា​លែង​ពី​តំណែង​។

យ៉ាង​ណា​ក្ដី​បើ​តាម​ប្រភព​ខាង​លើ​ លោក​ស្រី​ Magdalena នៅ​តែ​មាន​សង្ឃឹម​ចង់​ធ្វើ​នាយករដ្ឋមន្ត្រី​ទៀត​ ប៉ុន្តែ​នាយក​រដ្ឋមន្ត្រី​ដែល​កើត​ចេញ​ពីរដ្ឋាភិបាល​ ដែល​មាន​បក្ស​មួយ​ប៉ុណ្ណោះ​។

ទាក់​ទង​នឹង​រឿង​លាលែង​នេះ​ លោក​ស្រី​ក៏​លើក​ឡើង​ថា​ នេះ​ជា​អ្វី​ដែល​ត្រូវ​ធ្វើ​ ​រដ្ឋាភិបាល​ចម្រុះ​ ត្រូវ​តែ​រំសាយ​អញ្ចឹង​ហើយ​ កាល​ណា​ដៃ​គូ​ចាកចេញ​ វាជា​រឿង​ដែល​លោក​ស្រី​ត្រូវ​ធ្វើ​ ព្រោះ​មិន​ចង់​ដឹក​នាំ​រដ្ឋាភិបាល​ ដែល​ខ្វះ​ភាព​ស្រប​ច្បាប់​។

ទោះ​ជា​ចាកចេញ​ពី ​រដ្ឋាភិបាល​ចម្រុះ​ក៏​ដោយ​ តែ​ខាង​គណបក្ស​បៃតង ​នៅ​តែ​អះអាង​ថា​ នឹង​នៅ​តែ​គាំទ្រ​លោក​ស្រី​ Magdalena បើ​លោក​ស្រី​ឈរ​ធ្វើ​ជា​បេក្ខភាព ​នាយករដ្ឋមន្ត្រី​នៅ​ថ្ងៃ​ខាង​មុខ​៕ Source: Sabay

Most Popular

To Top