ព័ត៌មានអន្តរជាតិ

ស្របពេលប្រឈម មុខដាក់គ្នា រុស្ស៊ី និង អ៊ុយក្រែន ប្រារព្ធធ្វើ សមយុទ្ធយោធា

បរទេស ៖ ប្រទេសរុស្ស៊ី តាមសេចក្តីរាយការណ៍ បានប្រារព្ធធ្វើសមយុទ្ធយោធា នៅដែនសមុទ្រខ្មៅ ស្ថិតនៅខាងត្បូង ប្រទេសអ៊ុយក្រែន នៅថ្ងៃពុធម្សិលមិញនេះ និងបាននិយាយថា ខ្លួនចាំបាច់ត្រូវតែសម្រួច ការត្រៀមលក្ខណៈ ប្រយុទ្ធរបស់កងកម្លាំង ធម្មតានិងនុយក្លេអ៊ែ ព្រោះតែមានការកើនឡើង នៃសកម្មភាពអង្គការណាតូ នៅជិតព្រំដែនខ្លួន ។

ចំណែកប្រទេសអ៊ុយក្រែន ដែលនិយាយថា ខ្លួនជឿថា ប្រទេសរុស្ស៊ីប្រហែលជាកំពុងតែត្រៀម ធ្វើការឈ្លានពាននោះ ក៏បានប្រារព្ធធ្វើសមយុទ្ធរបស់ខ្លួន នៅជិតព្រំដែនជាប់នឹងប្រទេសបេឡារុស នេះបើយោងតាមសេចក្តី រាយការណ៍មួយ ដែលចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Yahoo News។
ក្រុមស៊ើបអង្កេតឯករាជ្យ របស់ប្រទេសរុស្ស៊ី មួយក្រុម បានបង្ហោះរូបថត និង វីដេអូឃ្លិប ដែលខ្លួននិយាយថា បានបង្ហាញឲ្យឃើញនូវ សកម្មភាពរថក្រោះ និងរថយន្តយោធាដទៃ ផ្សេងទៀត នៅក្នុងប្រទេសរុស្ស៊ី ភាគខាងត្បូង ក្នុងពីរបីថ្ងៃកន្លងទៅ។

គួរបញ្ជាក់ថា ការបង្កើន សកម្មភាព យោធារបស់ភាគីទាំងពីរ គឺត្រូវបានធ្វើឡើង ក្រោយប៉ុន្មានសប្ដាហ៍ បន្ទាប់ពីភាពតានតឹង កើនឡើង បង្កឲ្យមាន ហានិភ័យនៃការផ្ទុះសង្គ្រាម រវាងអតីតសមាជិកសហភាពសូវៀត ទាំងពីរ បើទោះជារុស្ស៊ីបដិសេធថា គ្មានបំណងឈ្លានពាន និងប្រភពលោក ខាងលិចប្រាប់ថា ពួកគេមិនឃើញមានការឈ្លានពានណាមួយ នឹងកើតមានក្នុងពេលឆាប់ៗ ខាងមុខក៏ដោយ ៕
ប្រែសម្រួល៖ប៉ាងកុង

Most Popular

To Top