ព័ត៌មានអន្តរជាតិ

ចិន ថា សហរដ្ឋអាមេរិក មិនគួរបំភាន់ ភ្នែករឿងករណី កោះតៃវ៉ាន់

ប៉េកំាង៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានចុះផ្សាយព័ត៌មាននៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ថា ក្រសួងការពារជាតិចិន បានឲ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះថា មិនមានកន្លែងសម្រាប់ការ សម្របសម្រួលលើកោះតៃវ៉ាន់នោះទេ ហើយសហរដ្ឋអាមេរិក មិនគួរមានការបំភាន់ ណាមួយអំពីរឿងនេះទេ ដោយបន្ថែមថា ក្រុងវ៉ាស៊ីនតោន យឺតពេល “បង្កហេតុ” ជាបន្តបន្ទាប់លើបញ្ហាជាច្រើន ។

ចិន បានលើកឡើងថា បញ្ហាតៃវ៉ាន់ ដែលខ្លួនអះអាងថា ជាទឹកដីរបស់ចិន គឺជាបញ្ហារសើបបំផុតក្នុងទំនាក់ទំនងរបស់ខ្លួនជាមួយសហរដ្ឋអាមេរិក ដែលជាប្រទេសដែលគាំទ្រ និងផ្គត់ផ្គង់អាវុធអន្តរជាតិ ដ៏សំខាន់បំផុតរបស់តៃវ៉ាន់ ផងដែរ។

ភាពខុសគ្នាយ៉ាងខ្លាំងជុំវិញកោះតៃវ៉ាន់ បានកើតមានឡើងក្នុងអំឡុង ពេលកិច្ចប្រជុំនិម្មិតមួយ កាលពីដើមខែនេះ រវាងប្រធានាធិបតីអាមេរិក ចូ បៃឌិន និងប្រធានាធិបតីចិន ហ្ស៊ី ជិនពីង ។

លោក ហ្ស៊ី បានថ្លែងថា អ្នកដែលនៅកោះតៃវ៉ាន់ ដែលស្វែងរកឯករាជ្យ និងអ្នកគាំទ្ររបស់ពួកគេនៅសហរដ្ឋអាមេរិក កំពុង “ប្រលែងជាមួយភ្លើង” ។

លោកបានឲ្យដឹងទៀតថា ប្រទេសចិន មានគោលការណ៍ សម្រាប់ការអភិវឌ្ឍន៍ទំនាក់ទំនង រវាងយោធាទាំងពីរ ដែលមានន័យថា អធិបតេយ្យភាព សេចក្តីថ្លៃថ្នូរ និងផលប្រយោជន៍ស្នូលរបស់ខ្លួនមិនអាច រំលោភបានឡើយ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Most Popular

To Top