តេហរ៉ង់ ៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍នេះ បានឲ្យដឹងថា រដ្ឋមន្ត្រីក្រសួងការបរទេសអ៊ីរ៉ង់ លោក Hossein Amir Abdollahianបានបង្ហើបអំពីលទ្ធភាព ដែលអាចទៅរួច ចំពោះកិច្ចព្រមព្រៀង មួយជាមួយនឹងភ្នាក់ងារអាតូមិក អន្តរជាតិឬ IAEA និងបន្តថាកិច្ចប្រជុំមួយនឹងអាចធ្វើឡើងក្នុងពេលឆាប់ៗនេះ ។
លោក Abdollahian បាននិយាយទៀតថា កិច្ចពិភាក្សាដែលពោរពេញ ទៅដោយលទ្ធផល ដែលលោកបានធ្វើឡើង ជាមួយនឹងប្រធាន IAEA លោក Rafael Grossi នៅក្នុងតេហរ៉ង់ កាលពីថ្ងៃអង្គារកន្លងមក ព្រមទាំងបានឈានទៅដល់ការ យល់ស្របគ្នាដ៏ល្អប្រសើរមួយ ដើម្បីអាចបន្តកិច្ច សហប្រតិបត្តិការ បន្ថែមទៀត ។
គួរឲ្យដឹងដែរថា សេចក្តីថ្លែងការណ៍កត់សំគាល់ ដោយលោករដ្ឋមន្ត្រីក្រសួងការ បរទេស នេះធ្វើឡើងនៅក្រោយពេលបន្តិច ដែលលោក Grossi ក៏បានថ្លែងអំពីកិច្ចពិភាក្សា ជាវិជ្ជមានរវាងគ្នានេះផងដែរ។
រំលឹកដែរថាលោក Grossi បានធ្វើដំណើរទៅដល់ប្រទេសអ៊ីរ៉ង់ កាលពីថ្ងៃចន្ទពេលរសៀល និងបានជួបជាមួយនឹងលោក Abdollahian ព្រមទាំងប្រធានភ្នាក់ងារជាតិ អាតូមិករបស់អ៊ីរ៉ង់ លោក Mohammad Eslami ផងដែរជាបន្តបន្ទាប់គ្នា៕
ប្រែសម្រួល៖ស៊ុនលី