បរទេស៖ប្រទេសតួកគីនិងសហភាពអារ៉ាប់រួម បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសម្រាប់ការវិនិយោគរាប់ពាន់លានដុល្លារ នៅថ្ងៃពុធម្សិលមិញនេះ ដោយរួមទាំងវិស័យបច្ចេកវិទ្យានិងថាមពល ក្រោយកិច្ចពិភាក្សាគ្នារវាងលោកប្រធានាធិបតីតួកគី Tayyip Erdogan និងព្រះរាជ្ជទាយាទសហភាពអារ៉ាប់រួម ព្រះអង្គម្ចាស់ Sheikh Mohammed bin Zayed al-Nahyan។
យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Userwall នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ បានឲ្យដឹងថា ដំណើរទស្សនកិច្ចរបស់ព្រះអង្គម្ចាស់ ទៅកាន់ទីក្រុងអង់ការ៉ាជាលើកទីមួយក្នុងរយៈពេលជាច្រើនឆ្នាំនេះ គឺត្រូវបានធ្វើឡើង ស្របពេលដែលប្រទេសទាំងពីរ ធ្វើការងារដើម្បីសាងចំណងមិត្តភាពដែលបែកបាក់ និងស្របពេលដែលមានវិបត្តិរូបិយប័ណ្ណនៅក្នុងប្រទេសតួកគី។
អនុស្សរណៈយោគយល់គ្នា គឺត្រូវបានចុះហត្ថលេខារវាងក្រុមហ៊ុន Abu Dhabi Development Holding (ADQ) ក្រុមហ៊ុន Turkish Wealth Fund (TVF) និងការិយាល័យវិនិយោគរបស់ប្រធានាធិបតីតួកគី ក៏ដូចជាជាមួយក្រុមហ៊ុនតួកគីមួយចំនួនទៀត។
គួរបញ្ជាក់ថា កិច្ចព្រមព្រៀងទាំងនេះ បង្ហាញឲ្យឃើញនូវការបោះជំហានឆ្ពោះទៅរកភាពជាដៃគូយ៉ាងសំខាន់ ក្រោយការប្រយុទ្ធដើម្បីឥទ្ធិពលក្នុងតំបន់ ចាប់តាំងពីការបះបោរអារ៉ាប់បានផ្ទុះឡើង កាលពីមួយទសវត្សមុន ហើយជម្លោះបានរីករាលដាលដល់តំបន់សមុទ្រមេឌីទែរ៉ានេភាគខាងកើត និងតំបន់ឈូងសមុទ្រ នៅមុនពេលទីក្រុងអង់ការ៉ា បានចាប់ផ្តើមវាយលុកទាក់ទាញក្នុងតំបន់កាលពីមួយឆ្នាំមុន៕ប្រែសម្រួល៖ប៉ាង កុង