ព័ត៌មានអន្តរជាតិ

មន្ត្រីការទូតជាន់ខ្ពស់អាមេរិក សម្រាប់តំបន់អាស៊ី នឹងធ្វើទស្សនកិច្ចប្រទេស សមាជិកអាស៊ានចំនួន៤

បរទេស៖មន្ត្រីការទូតជាន់ខ្ពស់សហរដ្ឋអាមេរិកសម្រាប់តំបន់អាស៊ីបូព៌ា នឹងធ្វើទស្សនកិច្ចប្រទេសឥណ្ឌូនេស៊ី ម៉ាឡេស៊ី សិង្ហបុរី និងប្រទេសថៃ ចាប់ពីចុងសប្ដាហ៍នេះ បន្ទាប់ពីលោកប្រធនាធិបតី ចូ បៃដិន បានប្តេជ្ញាបង្កើនការទាក់ទងជាមួយអាស៊ីអាគ្នេយ៍ ដែលជាសមរភូមិដ៏សំខាន់មួយក្នុងការប្រជែងយកឥទ្ធិពលជាមួយចិន។

យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Nasdaq នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២១ បានឲ្យដឹងថា សេចក្តីថ្លែងការណ៍មួយពីក្រសួងការបរទេសអាមេរិក បាននិយាយថា លោក Daniel Kritenbrink ជាអនុរដ្ឋមន្ត្រីការបរទេសទទួលបន្ទុកកិច្ចការអាស៊ីបូព៌ា នឹងធ្វើដំណើរ ក្នុងតំបន់ ចាប់ពីថ្ងៃសៅរ៍រហូតដល់ថ្ងៃទី០៤ ខែធ្នូ។

លោក Daniel Kritenbrink នឹងធ្វើការបញ្ជាក់ជាថ្មីនូវការប្តេជ្ញារបស់ សហរដ្ឋអាមេរិក ក្នុងការធ្វើការងាររួមគ្នា ដើម្បីដោះស្រាយបញ្ហាសកលនិងក្នុងតំបន់ដ៏លំបាកបំផុតនានា និងសង្កត់ធ្នន់នូវការគាំទ្ររបស់ សហរដ្ឋអាមេរិក សម្រាប់បទបញ្ជាផ្អែកលើមូលដ្ឋានច្បាប់ នៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ហើយនេះជាការសំដៅ ដល់ឥរិយាបថកើនឡើងរបស់ប្រទេសចិននៅក្នុងតំបន់។

សេចក្តីថ្លែងការណ៍ពីក្រសួងការបរទេសអាមេរិក ក៏បាននិយាយផងដែរថា លោក Daniel Kritenbrink នឹងធ្វើកិច្ចពិភាក្សាអំពីភាពលំបាកស្តីពីសិទ្ធិមនុស្ស ស្វះស្វែងធ្វើការបង្កើន សហប្រតិបត្តិការលើបញ្ហាបម្រែបម្រួលអាកាសធាតុ និងពិភាក្សាពីមធ្យោបាយដាក់សម្ពាធរដ្ឋាភិបាលយោធារបស់ប្រទេសមីយ៉ានម៉ា ឲ្យបញ្ឈប់អំពើហិង្សា និងអនុញ្ញាតឲ្យជំនួយ មនុស្សធម៌ចូលទៅដោយគ្មានការរារាំង៕

Most Popular

To Top