បរទេស៖ប្រទេសថៃ បាននិយាយនៅថ្ងៃសៅរ៍នេះថា ខ្លួននឹងហាមឃាត់មនុស្ស ដែលធ្វើដំណើរ ពីប្រទេសអាហ្វ្រិកចំនួន៨ ដែលខ្លួនចាត់ទុកថាមានហានិភ័យខ្ពស់ សម្រាប់ជម្ងឺកូវីដ១៩ប្រភេទថ្មី Omicron នេះបើតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន UPI។
មន្ត្រីជាន់ខ្ពស់នៃក្រសួងសុខាភិបាលថៃ លោក Opas Karnkawinpong បាននិយាយប្រាប់សន្និសីទកាសែតមួយថា ដោយចាប់ផ្តើមពីក្នុងខែធ្នូតទៅ ការធ្វើដំណើរមកពីប្រទេសបុតស្វាណា ប្រទេសស្វាហ្ស៊ីឡង់ ប្រទេសឡេសូតូ ប្រទេសម៉ាឡាវី ប្រទេសម៉ូហ្សាំប៊ិក ប្រទេសណាមីប៊ី ប្រទេសអាហ្វ្រិកខាងរត្បូង និងប្រទេសហ្ស៊ីបាវ៉េ នេះត្រូវបានហាមឃាត់។
យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Us News នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២១ បានឲ្យដឹងថា លោកបានមានប្រសាសន៍បន្ថែមថា ប្រទេសថៃនឹងមិនអនុញ្ញាត អ្នកដំណើរមកពីប្រទេសទាំងនេះ ឲ្យចុះបញ្ជីធ្វើដំណើរ មកកាន់ប្រទេសថៃ ដោយចាប់ផ្តើមពីថ្ងៃសៅរ៍នេះ។
គួរបញ្ជាក់ថា ការប្រកាសនេះ គឺត្រូវបានធ្វើឡើង ស្របពេលដែលប្រទេសដទៃនៅតំបន់អាស៊ី ធ្វើការរឹតបន្តឹងព្រំដែន ជុំវិញក្តីព្រួយបារម្ភអំពីប្រភេទជម្ងឺកូវីដ១៩ B 1.1.529 ដែលអង្គការសុខភាពពិភពលោក ចាត់ទុកថាវាជាប្រភេទគួរឲ្យព្រួយបារម្ភថ្មីបំផុត ដោយនិយាយថា វាអាចនឹងរីករាលដាលលឿនខ្លាំងជាងប្រភេទពីមុនផ្សេងទៀត៕