ព័ត៌មានអន្តរជាតិ

អ៊ីស្រាអែល នឹងហាមឃាត់មិនឲ្យជនបរទេស មកពីគ្រប់ប្រទេសទាំងអស់ចូលក្នុងប្រទេសខ្លួន ជុំវិញរឿងជម្ងឺកូវីដ១៩ ប្រភេទ Omicron

បរទេស៖ ប្រទេសអ៊ីស្រាអែល បានក្លាយជាប្រទេសដំបូងគេ ដែលហាមឃាត់មិនឲ្យជនបរទេសទាំងអស់ចូលមកក្នុងប្រទេសខ្លួន ចាប់ផ្តើមពីពាក់កណ្ដាលយប់ថ្ងៃអាទិត្យនេះ ស្របពេលដែលប្រទេសអូស្ត្រាលីនិងបណ្ដាប្រទេសមួយចំនួនទៀត បានបញ្ជាក់ពីការរកឃើញប្រភេទមេរោគកូរ៉ូណាថ្មី Omicron។


តាមសេចក្តីរាយការណ៍ ចាប់តាំងពីជម្ងឺកូវីដ១៩ប្រភេទថ្មីនេះ ត្រូវបានគេរកឃើញដំបូងនៅអាហ្វ្រិកខាងត្បូងមកនោះ មេរោគប្រភេទថ្មីនេះ បានបង្កឲ្យមានក្តីព្រួយបារម្ភលើពិភពលោក ដោយប្រទេសជាច្រើនកំពុងតែប្រញាប់ប្រញាល់ ធ្វើការអនុវត្តវិធានការទប់ស្កាត់ការរាលដាលនៃជម្ងឺកូវីដ១៩ប្រភេទ Omicron នេះ។


អង្គការសុខភាពពិភពលោក នាពេលថ្មីៗនេះ បានប្រកាសថា ជម្ងឺកូវីដ១៩ប្រភេទថ្មី Omicron នេះ គឺជាប្រភេទគួរឲ្យព្រួយបារម្ភ ហើយនៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនដែលចេញកាលពីថ្ងៃសុក្រ អង្គការនេះបាននិយាយថា ភស្តុតាងបឋមបង្ហាញពីហានិភ័យកើនឡើង ចំពោះការឆ្លងជាថ្មីជាមួយជម្ងឺកូវីដ១៩ថ្មីនេះ បើប្រៀបទៅនឹងប្រភេទដទៃទៀត។


ទីភ្នាក់ងារសុខភាពរបស់អង្គការសហប្រជាជាតិនេះ បាននិយាយថា វាអាចនឹងប្រើពេលវេលាជាច្រើនសប្ដាហ៍ទៀត ដើម្បីយល់ពីជម្ងឺប្រភេទថ្មី និងបានក្រើនរំឭកពីការទប់ស្កាត់ចំពោះការធ្វើដំណើរ ស្របពេលដែលភស្តុតាងបែបវិទ្យាសាស្ត្រ នៅតែមានតិចតួចនៅឡើយ៕


ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top