បរទេស៖ប្រទេសរុស្ស៊ី តាមសេចក្តីរាយការណ៍ បាននិយាយនៅថ្ងៃចន្ទនេះថា ខ្លួនកំពុងតែពង្រឹងមូលដ្ឋានយោធាខ្លួននៅក្នុងប្រទេសតាហ្ស៊ីគីស្ថាន ជាមួយរថក្រោះថ្មី៣០គ្រឿង និងថា កងកម្លាំងរបស់ខ្លួននៅមូលដ្ឋាននោះ បានធ្វើសមយុទ្ធហាត់សមជាមួយប្រព័ន្ធការពារមីស៊ីល។
ភាពអាចទៅរួចដែលសកម្មប្រយុទ្ធឥស្លាមនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ជ្រាតចូលក្នុងប្រទេសតាហ្ស៊ីគីស្ថាន និងអតីតសាធារណរដ្ឋសូវៀតដទៃនៅក្នុងតំបន់អាស៊ីកណ្ដាលនោះ គឺជារឿងដ៏គួរឲ្យព្រួយបារម្ភមួយសម្រាប់ទីក្រុងមូស្គូ ដែលចាត់ទុកតំបន់នោះថាជាតំបន់ការពារនៅភាគខាងត្បូងរបស់ខ្លួន។
តាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Us News នៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២១ បានឲ្យដឹងថា ក្រសួងការពារជាតិរុស្ស៊ី បាននិយាយថា កងកម្លាំងរុស្ស៊ី នៅថ្ងៃចន្ទនេះ ហាត់សមបណ្ដេញការវាយប្រហារតាមអាកាសរបស់សត្រូវ ទៅលើមូលដ្ឋានយោធា ដោយប្រើប្រាស់ប្រព័ន្ធការពារ S-300PS។
គួរបញ្ជាក់ថា ប្រទេសរុស្ស៊ី បានប្រារព្ធធ្វើសហសមយុទ្ធយោធាទ្រង់ទ្រាយធំ ជាមួយសម្ពន្ធមិត្តខ្លួន នៅជិតព្រំដែនតាហ្ស៊ីគីស្ថាននិងអាហ្វហ្គានីស្ថាន នៅក្នុងខែតុលា ក្រោយសហរដ្ឋអាមេរិកនិងសម្ពន្ធមិត្ត បានដកកងទ័ពខ្លួនចេញពីប្រទេសអាហ្វហ្គានីស្ថាន ហើយពួកតាលីបង់បានឡើងកាន់កាប់អំណាចនៅអាហ្វហ្គានីស្ថាន៕ប្រែសម្រួល៖ប៉ាង កុង