បរទេស៖ ទីប្រឹក្សាសន្តិសុខជាតិជាន់ខ្ពស់ របស់សហភាពអារ៉ាប់រួម តាមសេចក្តីរាយការណ៍ បានជួបជាមួយ សមភាគីអ៊ីរ៉ង់របស់លោក និងលោកប្រធានាធិបតី Ebrahim Raisi នៅក្នុងដំណើរទស្សនកិច្ច នៅប្រទេសអ៊ីរ៉ង់ នាថ្ងៃចន្ទនេះ ហើយនេះជាសកម្មភាពមួយ មានគោលដៅបំបាត់ការខ្វែងគំនិតគ្នាជាយូរ និងបង្កើនសហប្រតិបត្តិការ។
ដំណើរទស្សនកិច្ចរបស់ព្រះអង្គម្ចាស់ Tahnoon bin Zayed Al Nahyan នេះ គឺត្រូវបានធ្វើឡើង ក្រោយប៉ុន្មានថ្ងៃ បន្ទាប់ពីទីក្រុងតេអេរ៉ង់ និងមហាអំណាចពិភពលោក បានផ្អាកកិច្ចពិភាក្សាគ្នា ក្នុងទីក្រុងវីយែន ស្របពេលដែលមន្ត្រី លោកខាងលិច បង្ហាញនូវការខកចិត្ត ស្តីពីការទាមទាររបស់អ៊ីរ៉ង់ សម្រាប់ការសង្គ្រោះ កិច្ចព្រមព្រៀងនុយក្លេអ៊ែ ឆ្នាំ២០១៥ ដែលអាមេរិក បានបោះបង់ចោល កាលពី៣ឆ្នាំមុន និងដាក់ទណ្ឌកម្មឡើងវិញលើទីក្រុងតេអេរ៉ង់។
យោងតាមការចេញផ្សាយ របស់ទូរទស្សន៍រដ្ឋអ៊ីរ៉ង់ បានឲ្យដឹងថា លោកប្រធានាធិបតីអ៊ីរ៉ង់ Ebrahim Raisi បាននិយាយប្រាប់ព្រះអង្គម្ចាស់ Tahnoon bin Zayed Al Nahyan យ៉ាងដូច្នេះថា “ការធ្វើឲ្យប្រសើរឡើង នូវចំណងមិត្តភាព ជាមួយប្រទេសក្នុងតំបន់ គឺជាអាទិភាពនៃរដ្ឋាភិបាលរបស់ខ្ញុំ ដូច្នោះហើយយើងស្វាគមន៍ ចំពោះការធ្វើឲ្យប្រសើរឡើង នូវចំណងមិត្តភាព ជាមួយសហភាពអារ៉ាប់រួម”។
តាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Us News នៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២១ បានឲ្យដឹងថា លោកបានបន្ថែមទៀតយ៉ាងដូច្នេះថា “សន្តិសុខរបស់ប្រទេសក្នុងតំបន់ គឺមានការជាប់ទាក់ទងគ្នា ហើយអ៊ីរ៉ង់គាំទ្រសន្តិសុខរបស់រដ្ឋ នៅតំបន់ឈូងសមុទ្រពែរ្ស”៕ ប្រែសម្រួល៖ប៉ាង កុង