រ៉ង់ហ្គូន ៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍ថា ទោសរយៈពេល ៤ឆ្នាំ របស់ប្រធានាធិបតីមីយ៉ាន់ម៉ា លោក U Win Myint និងទីប្រឹក្សារដ្ឋលោកស្រី អ៊ុងសាន ស៊ូជី ត្រូវបានកាត់បន្ថយមកត្រឹម ពីរឆ្នាំតាមផ្នែកទី៤០១ ផ្នែកទី(១) នៃក្រមនីតិវិធីព្រហ្មទណ្ឌ ។
យោងតាមរបាយការណ៍នេះ លោក U Win Myint និងលោកស្រី អ៊ុងសាន ស៊ូជី នឹងបន្តឃុំខ្លួននៅទីតាំង ដែលមិនទាន់បង្ហាញឲ្យដឹង ច្បាស់នៅឡើយ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
លោក U Win Myint និងលោកស្រី ស៊ូជី ត្រូវបានកាត់ទោស ឱ្យជាប់ពន្ធនាគាររយៈពេល ៤ឆ្នាំ កាលពីព្រឹកថ្ងៃចន្ទ ខណៈដែលពួកគេត្រូវបានផ្តន្ទាទោស ពីបទញុះញង់ តាមមាត្រា ៥០៥ (ខ) នៃក្រមព្រហ្មទណ្ឌ និងពីបទបំពានច្បាប់ គ្រប់គ្រងគ្រោះមហន្តរាយធម្មជាតិ របស់ប្រទេស ។
បន្ទាប់ពីអ្នកទាំងពីរ ត្រូវបានឃុំខ្លួនកាលពីថ្ងៃទី០១ ខែកុម្ភៈ រួមជាមួយមន្ត្រីផ្សេងទៀត មកពីគណបក្សសម្ព័ន្ធជាតិ ដើម្បីលទ្ធិប្រជាធិបតេយ្យ (NLD) អំណាចរដ្ឋរបស់មីយ៉ាន់ម៉ា ត្រូវបានផ្ទេរទៅអគ្គមេបញ្ជាការ នៃសេវាកម្មការពារជាតិឧត្តមសេនីយ៍ មីន អ៊ុនឡាំង បន្ទាប់ពីការប្រកាសរដ្ឋ។
ចាប់តាំងពីការឃុំខ្លួនលោកស្រី អ៊ុងសាន ស៊ូជី ត្រូវបានចោទប្រកាន់ចំនួន ១១ បទល្មើស ដូចជាការរំលោភលើច្បាប់សម្ងាត់ផ្លូវការ ក្នុងចំណោមបទល្មើសផ្សេង ទៀត ខណៈលោក យូ វីន មៃយីន ស្ថិតនៅក្រោមការចោទប្រកាន់ ចំនួនពីរពីបទញុះញង់ និងបំពានច្បាប់គ្រប់គ្រង គ្រោះមហន្តរាយធម្មជាតិរបស់ប្រទេស ៕
ដោយ ឈូក បូរ៉ា