ព័ត៌មានអន្តរជាតិ

ចិនប្តេជ្ញា វិធានការតបវិញ ជុំវិញការធ្វើពហិកា របស់អាមេរិក ចំពោះកីឡាអូឡំាពិក រដូវរងានៅប៉េកាំង

បរទេស ៖ រដ្ឋាភិបាលចិន បានបង្ហាញនូវប្រតិកម្មខ្លាំងៗ នៅថ្ងៃអង្គារម្សិលមិញនេះ ចំពោះលោកប្រធានាធិបតី អាមេរិក ចូ បៃដិន បញ្ជាឲ្យធ្វើពហិកា ការទូតចំពោះកីឡាអូឡាំពិក រដូវរងានៅប៉េកាំង ក្នុងខែកុម្ភៈ ដែលមានន័យថា គ្មានមន្ត្រីឬក៏ឥស្សរជនអាមេរិក នឹង ចូលរួមក្នុងការប្រកួតនោះទេ ។

មន្ត្រីនាំពាក្យ របស់ក្រសួងការបរទេស នៃប្រទេសចិន លោក Zhao Lijian តាមសេចក្តីរាយការណ៍ បានបង្ហាញនូវការប្តេជ្ញាថា ទីក្រុងប៉េកាំង នឹងចាតវិធានការតបត ប្រឆាំងសហរដ្ឋអាមេរិកវិញ សម្រាប់ការធ្វើពហិការការទូតនោះ ។

យោងតាមទីភ្នាក់ងារសារព័ត៌មាន ស៊ិនហួ បានឲ្យដឹងថា លោក Zhao Lijian បានមានប្រសាសន៍ដូច្នេះថា “ប្រទេសចិនបដិសេធ និងប្រឆាំងយ៉ាងខ្លាំងក្លា ចំពោះការថ្លែង របស់ភាគី សហរដ្ឋអាមរិក ហើយប្រទេសចិន បានធ្វើការតវ៉ាយ៉ាងខ្លាំងក្លា ចំពោះសហរដ្ឋអាមេរិក ព្រមទាំងនឹងឆ្លើយតប ជាមួយវិធានការ តបតយ៉ាងម៉ឺងម៉ាត់” ។

គួរបញ្ជាក់ថា លោក ចូ បៃដិន នៅថ្ងៃចន្ទសប្ដាហ៍នេះ បានប្រកាសធ្វើពាហិកា ហើយបណ្ដាប្រទេសលោកខាងលិចផ្សេងទៀត កំពុងតែពិចារណា ចេញចំណាត់ការដូចគ្នា ជាចម្បងព្រោះតែកំណត់ត្រា ដ៏ចម្រូងចម្រាស់របស់ចិន ស្តីពីសិទ្ធិមនុស្ស ៕ ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top