ព័ត៌មានអន្តរជាតិ

រដ្ឋហាវ៉ៃ ប្រកាសអាសន្នពីព្យុះរដូវរងា ដ៏ខ្លាំងក្លាបន្តកើតឡើង

ឡូសអ៊ែនជីឡេស៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២១ថា អភិបាលរដ្ឋហាវ៉ៃ លោក David Ige កាលពីថ្ងៃចន្ទ បានប្រកាសដាក់រដ្ឋក្នុងភាពអាសន្ន ខណៈដែលព្យុះរដូវរងាដ៏ខ្លាំងមួយបានទម្លាក់ទឹកភ្លៀងដែលមានទំហំលើសពី៣០សង់ទីម៉ែត្រទៅលើផ្នែកខ្លះនៃរដ្ឋហាវ៉ៃ ហើយត្រូវបានគេរំពឹងថា នឹងបន្តកើតឡើងទៀត ។


អភិបាលរូបនេះបានថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការសម្រេចចិត្តនេះនឹងអនុញ្ញាតឱ្យរដ្ឋហាវ៉ៃប្រើប្រាស់មូលនិធិដើម្បីផ្តល់ “ការសង្គ្រោះយ៉ាងឆាប់រហ័ស និងប្រកបដោយប្រសិទ្ធភាពនៃការរងទុក្ខ ការខូចខាត និងការខាតបង់ដែលបណ្តាលមកពីទឹកជំនន់ និងផលប៉ះពាល់ផ្សេងទៀតនៃភ្លៀងធ្លាក់ខ្លាំង” ។

លោក Ige បានបញ្ជាក់ថា ភ្លៀងធ្លាក់ខ្លាំង ហៅថា “Kona low” ដែលជាប្រភេទព្យុះស៊ីក្លូនតាមរដូវនៅកោះហាវ៉ៃ បានជន់លិចតំបន់មួយចំនួន និងបានផ្តាច់ចរន្តអគ្គិសនីនៅក្នុងកណ្តាលទីក្រុង Honolulu ដែលជារដ្ឋធានីរបស់រដ្ឋនេះថែមទៀតផង ។

ក្រុមហ៊ុន Hawaiian Electric បានឲ្យដឹងកាលពីថ្ងៃអង្គារថា ក្រុមនាវិកនៅតែធ្វើការដើម្បីស្តារសេវាកម្មអគ្គិសនីនៅក្នុងទីក្រុង Honolulu ប៉ុន្តែការស្តារឡើងវិញពេញលេញត្រូវបានរំពឹងទុកនៅព្រឹកថ្ងៃពុធនេះ ។

គិតមកទល់ពេលនេះនៅមិនទាន់មានសេចក្តីរាយការណ៍ថា មានមនុស្សស្លាប់ដោយសារខ្យល់ព្យុះនេះនៅឡើយទេ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Most Popular

To Top