ព័ត៌មានអន្តរជាតិ

ឧទ្ធម្ភាគចក្រ ដឹកមន្ត្រីការពារជាតិជាន់ខ្ពស់ឥណ្ឌា ធ្លាក់ស្លាប់ មនុស្ស៤នាក់

បរទេស៖ ឧទ្ធម្ភាគចក្រមួយគ្រឿង ដែលដឹកមេដឹកនាំ ការពារជាតិជាន់ខ្ពស់ របស់ប្រទេសឥណ្ឌា គឺលោក Bipin Rawat បានជួបគ្រោះថ្នាក់ធ្លាក់ នៅក្នុងរដ្ឋ Tamil Nadu ស្លាប់មនុស្សតិចបំផុត ចំនួន៤នាក់ នេះបើយោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយ។

ទីភ្នាក់ងារសារព័ត៌មានឥណ្ឌា Prasar Bharati បាននិយាយថា មនុស្សចំនួន៤នាក់ បានស្លាប់បាត់បង់ជីវិត និង៣នាក់ផ្សេងទៀតរងរបួស និងត្រូវបានបញ្ជូនទៅព្យាបាល នៅមន្ទីរពេទ្យ ប៉ុន្តែមិនទាន់មានការ បញ្ជាក់ជាផ្លូវការ ស្តីពីសេចក្តីរាយការណ៍នេះ នៅឡើយនោះទេ។

នៅថ្ងៃពុធនេះ កងកម្លាំងទ័ពជើងអាកាសឥណ្ឌា បាននិយាយលើបណ្ដាញសង្គមធ្វីតធ័រ យ៉ាងដូច្នេះថា “ឧទ្ធម្ភាគចក្រកងទ័ពអាកាសឥណ្ឌា Mi-17V5 មួយគ្រឿង ដែលមានលោកឧត្តមសេនីយ៍ Bipin Rawat រួមដំណើរជាមួយផងនោះ បានជួបគ្រោះថ្នាក់នៅថ្ងៃនេះ នៅជិតទីក្រុង Coonoor រដ្ឋ Tamil Nadu” ប៉ុន្តែមិនបាននិយាយថា តើលោក Rawat មានវ័យ៦៣ឆ្នាំ បានរងរបួស នៅក្នុងហេតុការណ៍គ្រោះថ្នាក់នោះដែរ ឬក៏អត់នោះទេ។

យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយ នៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២១ បានឲ្យដឹងថា រដ្ឋមន្ត្រីការពារជាតិឥណ្ឌា លោក Rajnath Singh ត្រូវបានគេរំពឹងថា នឹងធ្វើសេចក្តីថ្លែងការណ៍មួយ ស្តីពីគ្រោះថ្នាក់នោះ នៅក្នុងរដ្ឋសភា នាល្ងាចថ្ងៃពុធនេះ៕

Most Popular

To Top