បរទេស៖ រដ្ឋមន្ត្រីការបរទេសជប៉ុន លោក Yoshimasa Hayashi និងរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បានព្រមព្រៀងគ្នានៅថ្ងៃសៅរ៍សប្ដាហ៍នេះ លើភាពចំបាច់ក្នុងការពង្រឹងសម្ពន្ធភាពរបស់ប្រទេសទាំងពីរ ស្របពេលបរិយាកាសសន្តិសុខក្នុងតំបន់កាន់តែតានតឹងឡើង។
តាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Yahoo News បានឲ្យដឹងថា លោក Antony Blinken និងលោក Yoshimasa Hayashi បានប្រារព្ធធ្វើកិច្ចពិភាក្សាគ្នា នៅក្រៅកិច្ចប្រជុំក្រុមរដ្ឋមន្ត្រីការបរទេស G7 នៅក្នុងទីក្រុង Liverpool ប្រទេសអង់គ្លេស។
នៅក្នុងសន្និសីទកាសែទមួយ មន្ត្រីរដ្ឋាភិបាលជប៉ុនមួយរូបបាននិយាយប្រាប់ថា “លោករដ្ឋមន្ត្រី (ទាំងពីរ) ស្របពេលមានបរិយាកាសសន្តិសុខក្នុងតំបន់កាន់តែអាក្រក់នោះ បានព្រមព្រៀងគ្នាថា វាជារឿងមិនអាចខ្វះបានក្នុងការជំរុញបង្កើនសមត្ថភាពទប់ស្កាត់និងឆ្លើយតបនៃសម្ពន្ធភាពជប៉ុន-អាមេរិក”។
គួរបញ្ជាក់ថា ប្រឈមមុខនឹងការប្រមូលផ្តុំកម្លាំងយោធារបស់ចិន និងកម្មវិធីនុយក្លេអ៊ែនិងមីស៊ីលរបស់កូរ៉េខាងជើងនោះ លោកនាយករដ្ឋមន្ត្រីជប៉ុន Fumio Kishida បានមានប្រសាសន៍កាលពីថ្ងៃចន្ទថា លោកមានគម្រោងពង្រឹងជាមូលដ្ឋាន នូវគោលជំហរការពារជាតិរបស់ជប៉ុន ដោយពិចារណាក្នុងជម្រើសនានា រួមទាំងការទទួលបានសមត្ថភាពវាយប្រហារមូលដ្ឋានរបស់សត្រូវផងដែរ៕
ប្រែសម្រួល៖ប៉ាង កុង