ព្រុចសែល ៖ សហភាពអឺរ៉ុប (EU) បានអនុម័តការដាក់ទណ្ឌកម្ម ប្រឆាំងនឹងក្រុមហ៊ុន ទាហានប៉ារ៉ារុស្ស៊ី Wagner ចំពេលមានក្តីកង្វល់ របស់ខ្លួនអំពីការកសាងយោធា រុស្ស៊ី តាមបណ្ដោយព្រំដែន ភាគខាងកើត អ៊ុយក្រែន ។
លោក Josep Borrell តំណាង ជាន់ខ្ពស់ទទួលបន្ទុកកិច្ចការ បរទេស និងគោល នយោបាយ សន្តិសុខ របស់សហភាពអឺរ៉ុប បានឲ្យដឹងនៅក្នុង សន្និសីទសារព័ត៌មានមួយ បន្ទាប់ពីកិច្ចប្រជុំរដ្ឋមន្ត្រី ការបរទេសសហភាពអឺរ៉ុបថា ទណ្ឌកម្មនឹងគ្រប ដណ្តប់លើក្រុមហ៊ុន Wagner ក្រុមហ៊ុនចំនួន៣ ដែលមានទំនាក់ទំនងជាមួយក្រុម និងបុគ្គលចំនួន ៨នាក់ទៀត ។
បុគ្គល និងអង្គភាព ដែលបានចុះបញ្ជី នឹងត្រូវទទួលរង ការបង្កកទ្រព្យសម្បត្តិ នៅក្នុងសហភាពអឺរ៉ុប និង ការហាមឃាត់ការ ធ្វើដំណើរទៅកាន់ សហភាពអឺរ៉ុប។ ពួកគេនឹងត្រូវបានហាមប្រាម ពីការធ្វើឱ្យមូលនិធិអាចរកបាន ដោយផ្ទាល់ ឬដោយប្រយោល ចំពោះអ្នកដែលបានរាយបញ្ជី។
នៅក្នុងសន្និសីទសារព័ត៌មាន កាលពីថ្ងៃច័ន្ទ លោក Borrell បានបញ្ជាក់សារជាថ្មីថា ប្លុកនេះ “ឈររួបរួមក្នុងការគាំទ្រ អធិបតេយ្យភាព និងបូរណភាពទឹកដី របស់អ៊ុយក្រែន” ដោយព្រមានថា ការឈ្លានពានណាមួយ របស់រុស្ស៊ី ប្រឆាំងនឹងអ៊ុយក្រែន នឹងបង្កឱ្យមានការដាក់ទណ្ឌកម្មសេដ្ឋកិច្ច ដែលនឹងកើតមាន ដោយមានការបង់ “តម្លៃសេដ្ឋកិច្ចខ្ពស់” ។
វិធានការចុងក្រោយនេះ ត្រូវបានប្រកាសបន្ទាប់ ពីរដ្ឋមន្ត្រីការបរទេស នៃ ប្រទេសទាំង៧ បានប្រមូលផ្តុំគ្នា នៅទីក្រុង Liverpool ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែធ្នូ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ។
វិមានក្រឹមឡាំងបានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ក្នុងអំឡុងពេលការសន្ទនា តាមទូរស័ព្ទជាមួយប្រធានាធិបតី រុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន កាលពីថ្ងៃចន្ទ នាយករដ្ឋមន្ត្រី អង់គ្លេសលោក បូរីស ចនសុន បានសម្តែងការព្រួយបារម្ភ ចំពោះការចោទប្រកាន់ថា មានចលនាទ្រង់ទ្រាយធំ នៃកងទ័ពរុស្ស៊ី នៅតាមព្រំដែនអ៊ុយក្រែន ៕
ដោយ ឈូក បូរ៉ា