ព័ត៌មានអន្តរជាតិ

កូរ៉េខាងជើង នឹងកោះប្រជុំសភា ស្របពេលមាន វិបត្តិសេដ្ឋកិច្ច

បរទេស៖ក្នុងទង្វើដ៏កម្រមួយ ប្រទេសកូរ៉េខាងជើង គ្រោងនឹងប្រារព្ធធ្វើកិច្ចប្រជុំរដ្ឋសភាមួយ ហនៅក្នុងខែកុម្ភៈឆ្នាំក្រោយ ដើម្បីពិភាក្សាគ្នាអំពីកញ្ចប់ថវិកា និងច្បាប់ស្តីពីការថែទាំកុមារ នេះបើយោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Yahoo News នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១។

ដោយត្រូវប្រារព្ធធ្វើនៅក្នុងទីក្រុងព្យុងយ៉ាងនោះ កិច្ចប្រជុំធ្វើឡើងដោយសភាកូរ៉េនេះ នឹងប្រព្រឹត្តទៅស្ទើរតែមួយឆមាស ក្រោយប្រទេសកុម្មុយនិស្តឯកោនេះ ធ្លាប់បានធ្វើកិច្ចប្រជុំសមាជិកកំពូលរបស់រដ្ឋសភាខ្លួន នៅក្នុងខែកញ្ញា ឆ្នាំ២០២១នេះ។

គួរបញ្ជាក់ថា ប្រទេសកូរ៉េខាងជើង កម្រនឹងធ្វើកិច្ចប្រជុំសភាខ្លួនណាស់ ហើយកិច្ចប្រជុំនោះភាគច្រើនធ្វើឡើង ដើម្បីអនុម័តការសម្រេចចិត្តស្តីពីកញ្ចប់ថវិកា និងគោលនយោបាយគ្រប់គ្រង ដែលត្រូវបានរៀបចំឡើង ដោយគណបក្សពលករកូរ៉េ។

តាមសេចក្តីរាយការណ៍ ការសម្រេចចិត្តប្រារព្ធធ្វើកិច្ចប្រជុំរដ្ឋសភានេះ គឺត្រូវបានប្រកាសកាលពីថ្ងៃអង្គារ ដោយគណៈកម្មការអចិន្ត្រៃយ៍សភា ស្របពេលដែលវិបត្តិសេដ្ឋកិច្ចកូរ៉េខាងជើងកាន់តែធ្ងន់ធ្ងរឡើង។ លោក Choe Ryong Hae ជាមន្ត្រីដ៏សំខាន់មួយរូប នៅក្រោមមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានដឹកនាំគណៈកម្មការនេះ៕
ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top