ម៉ុស្គូ៖ ក្រសួងការបរទេសរុស្ស៊ីបានឲ្យដឹងថា អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO) បន្តផ្តល់ជំនួយយោធាដល់អ៊ុយក្រែន ដែលគ្រាន់តែធ្វើឱ្យជម្លោះផ្ទៃក្នុងកាន់តែកើនឡើងក្នុងប្រទេសប៉ុណ្ណោះ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
អ្នកនាំពាក្យរបស់ក្រសួងលោកស្រី Maria Zakharova បានលើកឡើងថា “បណ្តាប្រទេសណាតូ កំពុងបង្កើនការផ្គត់ផ្គង់អាវុធដល់អ៊ុយក្រែន បណ្តុះបណ្តាលបុគ្គលិកយោធារបស់ខ្លួន ហើយមិនធ្វើបែបនេះក្នុងគោលបំណងរក្សាស្ថិរភាព និងសន្តិសុខនោះទេ ប៉ុន្តែគ្រាន់តែបន្ថែមប្រេងទៅក្នុងភ្លើងតែប៉ុណ្ណោះ” ។
ក្នុងអំឡុងសន្និសីទសារព័ត៌មានប្រចាំសប្តាហ៍ លោកស្រីបានសម្តែងការព្រួយបារម្ភថា សកម្មភាពទាំងនេះអាចជំរុញប្រទេសអ៊ុយក្រែនចូលទៅក្នុងសង្រ្គាមស៊ីវិលទ្រង់ទ្រាយធំ។
យោងតាមការលើកឡើងរបស់លោកស្រីបានឲ្យដឹងថា សហរដ្ឋអាមេរិកបានផ្តល់ជំនួយយោធាចំនួន ២,៥ពាន់លានដុល្លារដល់អ៊ុយក្រែន ចាប់តាំងពីឆ្នាំ២០១៤ មក រួមទាំងជាង ៤០០ លានដុល្លារក្នុងឆ្នាំ២០២១នេះ។
លោក Zakharova បានបន្ដថា រុស្ស៊ី មិនជឿជាក់លើការសន្យារបស់អង្គការណាតូ ក្នុងការមិនពង្រីកទៅភាគតំបន់ខាងកើតឡើយ ដោយសារពាក្យសំដីមិនត្រូវបានស្របទៅដោយសកម្មភាពនោះឡើយ។
ថ្លែងមតិលើការចោទប្រកាន់ថា រុស្ស៊ីកំពុងបង្កើតកងកម្លាំងនៅតាមព្រំដែនអ៊ុយក្រែន អ្នកនាំពាក្យរូបនេះបានលើកឡើងថា រុស្ស៊ី មានសិទ្ធិគ្រប់យ៉ាងក្នុងការផ្លាស់ទីអង្គភាពយោធានៅលើទឹកដីអធិបតេយ្យភាពរបស់ខ្លួន ប៉ុន្តែខ្លួនមិនមានចេតនាឈ្លានពានឡើយ។
នៅព្រឹកថ្ងៃពុធ អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Ryabkov និងអគ្គសេនាធិការរងវិមានក្រឹមឡាំង លោក Dmitry Kozak បានជួបជាមួយលោកស្រី Karen Donfried ឧបការីរដ្ឋមន្ត្រីការបរទេសអាមេរិក ទទួលបន្ទុកកិច្ចការអឺរ៉ុប និងអឺរ៉ាស៊ី នៅទីក្រុងមូស្គូ ដើម្បីពិភាក្សាអំពីស្ថានភាពអ៊ុយក្រែន និងបញ្ហាសន្តិសុខនៅអឺរ៉ុប៕
ដោយ ឈូក បូរ៉ា