ព័ត៌មានអន្តរជាតិ

អាមេរិក បង្កើតកំណត់ត្រាថ្មីដ៏អាក្រក់ សម្រាប់ករណីឆ្លង ជំងឺកូវីដ-១៩ ប្រចាំថ្ងៃចំពេល មានការកើនឡើង ទម្រង់អូមីក្រុង

វ៉ាស៊ីនតោន៖ ការរីករាលដាលលឿនដូចផ្លេកបន្ទោរ នៃទម្រង់ឆ្លងអូមីក្រុង នៅក្នុងសហរដ្ឋអាមេរិក បានជំរុញករណីថ្មីនៃជំងឺកូវីដ-១៩ ប្រចាំថ្ងៃដល់កម្រិតខ្ពស់បំផុត លើសពី ៥១ម៉ឺនករណី នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

វាគឺជាការកើនឡើងខ្ពស់បំផុត នៃករណីក្នុងមួយថ្ងៃ ចាប់តាំងពីការចាប់ផ្តើម នៃជំងឺរាតត្បាតនៅក្នុងប្រទេស នេះបើយោងតាមទិន្នន័យចុងក្រោយ របស់សាកលវិទ្យាល័យ Johns Hopkins ។

ករណីថ្មីសរុបចំនួន ៥១២,៥៥៣ករណី និងការស្លាប់ថ្មីចំនួន ១,៧៦២នាក់ ត្រូវបានរាយការណ៍ នៅទូទាំងប្រទេសនេះ កាលពីថ្ងៃចន្ទ។ ក្នុងរយៈពេលមួយសប្តាហ៍កន្លងមកនេះ ករណីថ្មីជិត ១,៦៦០,០០០ករណី និងការស្លាប់ថ្មីជាង ១០០០០នាក់ ត្រូវបានបន្ថែមទៅក្នុងចំនួនសរុប នេះបើយោងតាមប្រភពខាងលើ។

ការកើនឡើងប្រចាំថ្ងៃ ជាមធ្យមរយៈពេល ៧ថ្ងៃនៃករណីបានកើនឡើង ដល់ជាង ២០៦,០០០ករណី កាលពីថ្ងៃអាទិត្យ នេះបើយោងតាមទិន្នន័យចុងក្រោយ​ របស់មជ្ឈមណ្ឌលគ្រប់គ្រង និងការពារជំងឺរបស់សហរដ្ឋអាមេរិក (CDC) ហើយនេះ ក៏ ជា តួលេខ ខ្ពស់ បំផុត ចាប់ តាំង ពី ថ្ងៃ ទី ១៨ ខែ មករា មកផងដែរ។

ទម្រង់ឆ្លងអូមីក្រុង ដែលត្រូវបានកំណត់អត្តសញ្ញាណដំបូង​ កាលពីចុងខែមុន នៅអាហ្វ្រិកខាងត្បូង បានបញ្ជូនការឆ្លងកើនឡើង ដល់កម្រិតដែលមិនធ្លាប់មាន ចាប់តាំងពីរដូវរងាឆ្នាំមុន ដែលនាំឱ្យចំនួនករណីឆ្លង វីរុសអាមេរិក សរុបដល់ទៅជាង ៥២,៩លាននាក់ ជាមួយនឹងអ្នកស្លាប់ជាង ជិត ៨២ម៉ឺននាក់។

ករណីដែលគេស្គាល់ជាលើកដំបូង នៃទម្រង់អូមីក្រុង នៅសហរដ្ឋអាមេរិក ត្រូវបានកំណត់ នៅថ្ងៃទី០១ ខែធ្នូ។ ចាប់តាំងពីពេលនោះមក ទម្រង់នេះត្រូវបានរកឃើញ នៅក្នុងរដ្ឋ និងដែនដីភាគច្រើន របស់សហរដ្ឋអាមេរិក ហើយកំពុងបង្កើនសមាមាត្រ នៃករណីជំងឺកូវីដ-១៩ ដែលកំពុងបង្កឡើង យ៉ាងឆាប់រហ័ស។

ទម្រង់អូមីក្រុង ត្រូវបានគេប៉ាន់ប្រមាណថា មានចំនួន ៥៨,៦ភាគរយនៃមេរោគឆ្លង ដែលចរាចរនៅក្នុងសហរដ្ឋអាមេរិក សម្រាប់សប្តាហ៍ដែលបញ្ចប់ នៅថ្ងៃទី២៥ ខែធ្នូ នេះបើយោងតាមទិន្នន័យថ្មី ដែលបានចេញផ្សាយ កាលពីថ្ងៃអង្គារដោយ CDC ៕ ដោយ ឈូក បូរ៉ា

Most Popular

To Top