បរទេស៖ ប្រធានាធិបតី នៃប្រទេសហ្វីលីពីន លោក រ៉ូឌ្រីហ្គូ ឌូតឺតេ នៅថ្ងៃព្រហស្បតិ៍នេះ បានចុះហត្ថលេខា លើកញ្ចប់ថវិកា ៩៨,៤៥ពាន់លានដុល្លារ សម្រាប់ឆ្នាំក្រោយ ដែលនេះគឺជាកញ្ចប់ថវិកាដ៏ធំបំផុត មិនធ្លាប់មានពីមុនមក សម្រាប់ប្រទេសហ្វីលីពីន ស្របពេលដែលប្រទេសនេះ មានបំណងបន្តស្តារសេដ្ឋកិច្ច ឲ្យប្រសើរឡើងវិញ និងគ្រប់គ្រងការផ្ទុះឆ្លង នៃជម្ងឺកូវីដ១៩។

យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Us News នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២១ បានឲ្យដឹងថា កញ្ចប់ថវិកាជាតិ ដែលមានទំហំ ១១,៥ភាគរយ ធំជាងផែនការ ចំណាយក្នុងឆ្នាំនេះនោះ គឺជាកញ្ចប់ថវិកាចុងក្រោយ របស់លោក ឌូតឺតេ មុនពេលចប់អាណត្តិរបស់លោក នៅក្នុងខែមិថុនា។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ ការិយាល័យរបស់លោក ឌូតឺតេ បាននិយាយប្រាប់យ៉ាងដូច្នេះថា កញ្ចប់ថវិកាឆ្នាំ២០២២ នឹងជំរុញដល់សកម្មភាព ដែលផ្តោតលើការកសាងភាពធន់ ស្របពេលមានរោគរាតត្បាត រក្សាសន្ទុះឆ្ពោះទៅរក ការងើបឡើងវិញ និងបន្តកេរដំណែល នៃការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ។
គួរបញ្ជាក់ថា ប្រទេសហ្វីលីពីន ដែលស្ថិតនៅក្នុងចំណោម ប្រទេសទទួលធ្ងន់ធ្ងរ ពីការរាតត្បាត នៃជម្ងឺកូវីដ១៩ នៅតំបន់អាស៊ី គ្រោងនឹងធ្វើការចំណាយ រហូតដល់ទៅ ៤៨,២ពាន់លានប៉េសូ សម្រាប់ការទិញថ្នាំវ៉ាក់សាំង នៅឆ្នាំក្រោយ ស្របពេលដែលប្រទេសនេះ ជំរុញបង្កើនកម្មវិធីដូសជំរុញ៕ ប្រែសម្រួល៖ប៉ាង កុង
