តេអេរ៉ង់៖ អ៊ីរ៉ង់ បានប្រកាសថា ការបាញ់បង្ហោះដោយជោគជ័យនូវរ៉ុក្កែតផ្ទុកផ្កាយរណបផលិតក្នុងស្រុក ទៅកាន់ទីអវកាស ដោយផ្ទុកឧបករណ៍ស្រាវជ្រាវ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
អ្នកនាំពាក្យក្រសួងការពារជាតិអ៊ីរ៉ង់ លោក Seyyed Ahmad Hosseini ត្រូវបានដកស្រង់សម្តីដោយទីភ្នាក់ងារព័ត៌មានផ្លូវការ IRNA ដោយលើកឡើងថា គោលដៅស្រាវជ្រាវរបស់បេសកកម្មត្រូវបានសម្រេច ដោយមិនបានបញ្ជាក់ពីពេលវេលា ដែលគ្រាប់រ៉ុក្កែត ដែលត្រូវបានគេដាក់ឈ្មោះថា Simorgh (Phoenix) ត្រូវបានបាញ់បង្ហោះ ឬឧបករណ៍អ្វីខ្លះដែលវាផ្ទុកនោះ។
លោកបានលើកឡើងថា មជ្ឈមណ្ឌលអវកាសដែលបាញ់បង្ហោះរ៉ុក្កែតនេះ បានដំណើរការដោយគ្មានកំហុស ដោយលោកបានបន្ថែមថា ដំណាក់កាលនៃការបាញ់បង្ហោះរបស់រ៉ុក្កែតផ្ទុកផ្កាយរណបបានដំណើរការដូចការគ្រោងទុក។
លោក Hosseini បានបន្ដថា ជាលើកដំបូង ឧបករណ៍ស្រាវជ្រាវចំនួន៣ ត្រូវបានដាក់ឱ្យដំណើរការក្នុងពេលដំណាលគ្នាក្នុងរយៈកម្ពស់ ៤៧០គីឡូម៉ែត្រក្នុងល្បឿន ៧៣៥០ម៉ែត្រក្នុងមួយវិនាទីក្នុងអំឡុងពេលបេសកកម្ម។
គួរបញ្ជាក់ថា រ៉ុក្កែត Simorgh ត្រូវបានបាញ់បង្ហោះដោយជោគជ័យជាលើកដំបូងនៅមជ្ឈមណ្ឌលអវកាស Imam Khomeini របស់ប្រទេសអ៊ីរ៉ង់ ក្នុងឆ្នាំ២០១៧ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
សហរដ្ឋអាមេរិក បានសង្ស័យជាយូរមកហើយថាយានបាញ់បង្ហោះផ្កាយរណបរបស់អ៊ីរ៉ង់ គឺជាផ្នែកមួយនៃការប៉ុនប៉ងធំជាងនេះក្នុងការអភិវឌ្ឍមីស៊ីលផ្លោង ដែលមានសមត្ថភាពផ្ទុកក្បាលគ្រាប់នុយក្លេអ៊ែរ។
ក្រោយមករដ្ឋាភិបាលអ៊ីរ៉ង់ ដែលបានឲ្យដឹងម្តងហើយម្តងទៀតថា កម្មវិធីនុយក្លេអ៊ែររបស់ខ្លួន មានសន្តិភាព ហើយបានទទូចថា ការបាញ់រ៉ុក្កែត និងផ្កាយរណបរបស់ខ្លួន មិនមានគោលបំណងយោធានោះទេ៕
ដោយ ឈូក បូរ៉ា