ព័ត៌មានអន្តរជាតិ

បុរសម្នាក់ ត្រូវបន្ថយទោស ជាប់គុកពី ១១០ឆ្នាំ មកត្រឹម ១០ឆ្នាំវិញ ក្នុងសំណុំរឿង គ្រោះថ្នាក់ចរាចរណ៍ កាលពីឆ្នាំ២០១៩

បរទេស៖ មនុស្សប្រហែល ៥លាននាក់ បានចុះហត្ថលេខា លើញត្តិដែលស្នើសុំឱ្យផ្លាស់ប្តូរ ការកាត់ទោសដ៏ឃោរឃៅ ទៅលើអ្នកបើកបរឡានដឹកទំនិញ របស់សហរដ្ឋអាមេរិក ជុំវិញគ្រោះថ្នាក់ដែលបានបណ្តាលឱ្យមានមនុស្សស្លាប់។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១ ខែមករា ឆ្នាំ២០២២ បានឱ្យដឹងថា បន្ទាប់ពីការតវ៉ាជាសាធារណៈ អភិបាលរដ្ឋ Colorado បានសម្រេចបន្ធូរបន្ថយទោស ទៅលើអ្នកបើកបរឡានដឹកទំនិញ Rogel Aguilera-Mederos ដែលបានជាប់ពាក់ព័ន្ធ ក្នុងគ្រោះថ្នាក់ចរាចរណ៍ ដែលបានបណ្តាលឱ្យមនុស្ស ៤ នាក់ស្លាប់ ក្នុងឆ្នាំ ២០១៩ ពីជាប់ពន្ធនាគារ ១១០ឆ្នាំ មកត្រឹម ១០ឆ្នាំវិញ ជាមួយនឹងសិទ្ធិទទួលបានការដោះលែង ក្នុងរយៈពេល ៥ ឆ្នាំ។

អភិបាលរដ្ឋគឺលោក Jared Polis បានសរសេរនៅក្នុងលិខិតបន្ធូរបន្ថយទោសរបស់ Aguilera-Mederos កាលពីថ្ងៃព្រហស្បតិ៍ថា “រយៈពេលនៃការកាត់ទោស ១១០ ឆ្នាំ របស់អ្នកគឺមិនសមស្របនឹងសកម្មភាពរបស់អ្នកនោះទេ ហើយក៏មិនមែនជាការពិន័យ ដែលប្រគល់ឱ្យអ្នកផ្សេងទៀត សម្រាប់ឧក្រិដ្ឋកម្មស្រដៀងគ្នានេះដែរ” ។

សូមជម្រាបថា ឡានដឹកទំនិញរបស់លោក Aguilera-Mederos បានបង្កគ្រោះថ្នាក់ចរាចរណ៍មួយ បណ្តាលឱ្យឆាបឆេះ ហើយមនុស្ស ៤នាក់បានស្លាប់ និង របួសមនុស្សជាច្រើននាក់ទៀត នៅ Lakewood រដ្ឋ Colorado។

អ្នកបើកបររថយន្តបាននិយាយថា ហ្វ្រាំងរថយន្តរបស់គាត់ដាច់ ហើយគាត់បានព្យាយាម អស់ពីសមត្ថភាព ដើម្បីបញ្ចៀសការបុកនេះ។ ក្រោយពេលកើតហេតុ គេពិនិត្យមិនឃើញមានសារធាតុញៀន ឬគ្រឿងស្រវឹង នៅក្នុងខ្លួន អ្នកបើកបរឡើយ។ ក្នុងអំឡុងពេលសវនាការ Aguilera-Mederos បានស្នើសុំការលើកលែងទោស ពីក្រុមគ្រួសារជនរងគ្រោះជាច្រើនដង ដោយនិយាយថា គាត់ប្រាថ្នាឱ្យខ្លួនឯងស្លាប់ នៅក្នុងការធ្លាក់យន្តហោះ ជំនួសពួកគេវិញ៕

Most Popular

To Top