បរទេស៖ គូសង្សារមួយគូដែលធ្វើដំណើរកម្សាន្តមួយយប់ក្នុងពេលចុះកម្មសិក្សាធម្មជាតិ គឺមានសំណាងបានរួចផុតពីរបួសធ្ងន់ធ្ងរ ឬសេចក្តីស្លាប់ នៅពេលដែលតង់ដេករបស់ពួកគេត្រូវសត្វដំរីព្រៃវាយប្រហារ នៅក្នុងដែនជម្រកសត្វព្រៃ Omkoi កាលពីថ្ងៃអាទិត្យ។
យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី៣ ខែមករា ឆ្នាំ២០២២ បានឱ្យដឹងថា ខាងបុរសគឺមានស្នាមជាំ ដោយសារទង្គិចនឹងជញ្ជាំងតង់ ហើយគូសង្សារទាំង២នាក់នេះបានចំណាយពេលពេញមួយយប់ដោយភ័យខ្លាចថា សត្វដំរីនោះនឹងត្រឡប់មកវិញ ។ ដែនជម្រកសត្វព្រៃ បានចេញសេចក្តីប្រកាសបិទកម្មវិធីសិក្សាធម្មជាតិភ្លាមៗ ផងដែរ។
ដំណើរចុះកម្មសិក្សានេះ បានគ្របដណ្តប់លើផ្លូវធម្មជាតិនៅលើភ្នំ Doi Mon Chong ដែលជាភ្នំតូចមួយនៅក្នុងឧទ្យានដែលស្ថិតនៅលើខេត្តឈៀងម៉ៃ និងខេត្ត Tak ។
លោក Navi Sinsupakul ប្រធានដែនជម្រកសត្វព្រៃ Omkoi បាននិយាយថា ឧបទ្ទវហេតុនេះបានកើតឡើងប្រហែលម៉ោង 12.30 ព្រឹកថ្ងៃអាទិត្យ៕ប្រែសម្រួលៈ ណៃ តុលា

