បរទេស៖ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន តាមសេចក្តីរាយការណ៍ បាននិយាយប្រាប់ប្រធានាធិបតីអ៊ុយក្រែនថា សហរដ្ឋអាមេរិកនិងសម្ពន្ធមិត្ត នឹងធ្វើការឆ្លើយតបដោយឥតរារែកចិត្ត ប្រសិនបើប្រទេសរុស្ស៊ី ធ្វើការឈ្លានពានប្រទេសអ៊ុយក្រែនថែមទៀត។
លោក ចូ បៃដិន បានធ្វើការសន្យាបែបនេះចំពោះលោកប្រធានាធិបតីអ៊ុយក្រែន នៅក្នុងអំឡុងកិច្ចសន្ទនាគ្នាតាមទូរស័ព្ទនាថ្ងៃអាទិត្យ នេះបើយោងតាមសំណេរស្តីពីកិច្ចសន្ទនាគ្នានោះ ដែលបង្ហាញដោយលេខាធិការព័ត៌មានរបស់សេតវិមាន លោក Jen Psaki។
តាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី០៣ ខែមករា ឆ្នាំ២០២២ បានឲ្យដឹងថា លោក Jen Psaki បានមានប្រសាសន៍យ៉ាងដូច្នេះថា “លោកប្រធានាធិបតី បៃដិន បានធ្វើការបញ្ជាក់យ៉ាងច្បាស់ថា សហរដ្ឋអាមេរិកនិងសម្ពន្ធមិត្ត ព្រមទាំងដៃគូនានា នឹងធ្វើការឆ្លើយតបដោយឥតរារែកចិត្ត ប្រសិនបើរុស្ស៊ីធ្វើការឈ្លានពានអ៊ុយក្រែនថែមទៀត”។
លោក Jen Psaki បានថ្លែងប្រាប់បន្តថា លោក បៃដិន បានធ្វើការបញ្ជាក់ពីការប្តេជ្ញារបស់សហរដ្ឋអាមេរិក ចំពោះអធិបតេយ្យភាពនិងបូរណភាពទឹកដីរបស់ប្រទេសអ៊ុយក្រែន ទន្ទឹមនឹងការបង្ហាញពីកិច្ចខិតខំប្រឹងប្រែងចាប់ផ្តើមនៅសប្ដាហ៍ក្រោយ ស្វែងរកការបញ្ចប់អរិភាពតាមវីធីការទូត រួមមានទាំងកិច្ចពិភាក្សាស្ថិរភាពយុទ្ធសាស្ត្រទ្វេភាគី រវាងសហរដ្ឋអាមេរិកនិងរុស្ស៊ី កិច្ចប្រជុំណាតូនិងរុស្ស៊ី និងកិច្ចពិភាក្សាគ្នានៅអង្គការដើម្បីសន្តិសុខនិងសហប្រតិបត្តិការនៅអឺរ៉ុប៕ប្រែសម្រួល៖ប៉ាង កុង