ព័ត៌មានអន្តរជាតិ

អាមេរិក កំពុងប្រឈមមុខ នឹងការគំរាមកំហែង កាន់តែច្បាស់ និងជាក់ស្តែង ពីផលប៉ះពាល់ នៃការប្រែប្រួល អាកាសធាតុ

វ៉ាស៊ីនតោន៖ ដោយសារព្រិលធ្លាក់ខ្លាំង ភ្លើងឆេះព្រៃ ដែលបានចាប់ផ្តើមនៅមុនថ្ងៃចូលឆ្នាំ និងបានឆេះផ្ទះជិត ១០០០ខ្នងនៅក្នុងទីក្រុង Boulder នៃរដ្ឋ Colorado ទីបំផុតបានរលត់ទៅវិញ ដោយធ្វើឱ្យមនុស្សជាង ៣ម៉ឺននាក់គ្មានផ្ទះសម្បែង និង ៣ នាក់បាត់ខ្លួន។

បន្ទាប់ពីមួយឆ្នាំនៃគ្រោះមហន្តរាយធម្មជាតិជាញឹកញាប់រួមទាំងគ្រោះរាំងស្ងួត រលកកំដៅ ភ្លើងឆេះព្រៃ ទឹកជំនន់ និងខ្យល់ព្យុះដ៏សាហាវ សហរដ្ឋអាមេរិក កំពុងប្រឈមមុខនឹងការគំរាមកំហែងកាន់តែច្បាស់ និងជាក់ស្តែងពីផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ។

យោងតាមទិន្នន័យចុងក្រោយបំផុត ដែលត្រូវបានធ្វើបច្ចុប្បន្នភាពដោយរដ្ឋបាលមហាសមុទ្រ និងបរិយាកាសជាតិ (NOAA) នៅក្នុងខែតុលា សហរដ្ឋអាមេរិក បានទទួលរងនូវគ្រោះមហន្តរាយអាកាសធាតុយ៉ាងហោចណាស់ ១៩លើក ដាច់ដោយឡែកពីគ្នាក្នុងរយៈពេល ៩ខែដំបូងនៃឆ្នាំ២០២១ ជាមួយនឹងការចំណាយនីមួយៗលើសពី ១ពាន់លានដុល្លារ។ អាកាសធាតុ​ក្ដៅខ្លាំង​ក៏​បាន​នាំ​ឱ្យ​មនុស្ស​ស្លាប់​ជាង ៥០០​នាក់ ដែល​ធ្វើ​ឱ្យ​ឆ្នាំ​២០២១ ជា​ឆ្នាំ​ដែល​មាន​គ្រោះ​ធម្មជាតិ​ស្លាប់​ច្រើន​បំផុត​គិត​ចាប់​តាំង​ពី​ឆ្នាំ​២០១១​មក។

គួរកត់សម្គាល់ថា ទិន្នន័យមិនរាប់បញ្ចូលទាំងខ្យល់ព្យុះកំបុតត្បូង ដែលបានបោកបក់ពាសពេញរដ្ឋពាក់កណ្តាលភាគខាងត្បូងចំនួន ៦លើកកាលពីដើមខែធ្នូ ដែលបណ្តាលឱ្យមនុស្សជិត ១០០នាក់ស្លាប់ និងផ្ទះរាប់ពាន់ខ្នងត្រូវបានកម្ទេច ដោយផ្នែកខ្លះនៃរដ្ឋ Kentucky រងការវាយប្រហារយ៉ាងធ្ងន់ធ្ងរបំផុត និងភ្លើងឆេះព្រៃ Denver-Boulder ចុងឆ្នាំ។ ការវាយតម្លៃនៃការបាត់បង់នៅក្នុងព្រឹត្តិការណ៍មហន្តរាយទាំងពីរត្រូវការពេលវេលាបន្ថែមទៀត ដើម្បីបញ្ចប់។

ក្នុងឆ្នាំ២០២១ ក៏ជាឆ្នាំទី៧ ជាប់ៗគ្នា ដែលសហរដ្ឋអាមេរិក បានជួបប្រទះគ្រោះមហន្តរាយដែលមានតម្លៃ ១០ពាន់លានដុល្លារ ឬច្រើនជាងនេះ។ កំណត់ត្រាខ្ពស់បំផុតត្រូវបានកំណត់ក្នុងឆ្នាំ ២០២០ នៅពេលដែលគ្រោះមហន្តរាយធម្មជាតិធំៗចំនួន ២២លើក បានវាយប្រហារប្រទេសនេះ។

រលកកំដៅនៅទូទាំងរដ្ឋ Oregon និង Washington នៅចុងខែមិថុនា និងដើមខែកក្កដា ឆ្នាំ២០២១ បានបណ្តាលឱ្យមនុស្សស្លាប់រាប់រយនាក់ ខណៈដែលអាកាសធាតុត្រជាក់ខ្លាំងនៅភាគខាងត្បូងក្នុងខែកុម្ភៈ បាននាំឱ្យមនុស្សស្លាប់ជាង ១២០នាក់នៅក្នុងរដ្ឋតិចសាស់ នេះបើយោងតាម ​​NOAA៕ដោយ ឈូក បូរ៉ា

Most Popular

To Top