ព័ត៌មានអន្តរជាតិ

អាមេរិក គួរគ្រប់គ្រងការរាលដាល ជំងឺកូវីដ-១៩ លើមូលដ្ឋានយោធា របស់ខ្លួន នៅក្រៅប្រទេស

ប៉េកាំង ៖ អ្នកនាំពាក្យក្រសួងការបរទេសចិន បាននិយាយ កាលពីថ្ងៃពុធថា មូលដ្ឋានទ័ព របស់ សហរដ្ឋអាមេរិក នៅក្រៅប្រទេស កំពុងរួមចំណែក ដល់ការរីករាលដាល នៃជំងឺកូវីដ-១៩ នៅក្នុងប្រជាជន ក្នុងស្រុក ហើយសហរដ្ឋអាមេរិក គួរតែឆ្លុះបញ្ចាំងយ៉ាងជ្រាលជ្រៅ លើផលប៉ះពាល់អវិជ្ជមាន ដែលសកម្មភាពរបស់ខ្លួន មានលើកិច្ចសហប្រតិបត្តិការ ប្រឆាំងនឹង ជំងឺរាតត្បាតសកល ។

អ្នក នាំ ពាក្យក្រសួងការបរទេសចិនលោក Wang Wenbin បាន ធ្វើ ការ កត់ សម្គាល់ នៅ ក្នុង សន្និសីទ ព័ត៌មាន ប្រចាំ ថ្ងៃ ដើម្បី ឆ្លើយ តប នឹង សំណួរ ដោយថា អាមេរិក គួរគ្រប់គ្រងការរាលដាលជំងឺកូវីដ-១៩ លើមូលដ្ឋាន យោធារបស់ខ្លួន នៅក្រៅប្រទេស នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ ។

យោងតាមរបាយការណ៍ លោក Denny Tamaki អភិបាលខេត្តអូគីណាវ៉ា របស់ប្រទេសជប៉ុន បានឲ្យដឹងថា យោធាអាមេរិក បានចម្លងទម្រង់់ឆ្លងអូមីក្រុង ទៅកាន់ខេត្ត ហើយថា លោកមានការខឹងសម្បារ ចំពោះការឆ្លងក្នុងចំណោមបុគ្គលិក នៅក្នុងជំរុំយោធាអាមេរិក ដែលហក់ឡើងដល់ប្រជាជន ស៊ីវិលក្នុងតំបន់។ លោកក៏បានបន្តការអំពាវនាវ ឱ្យមានការលើកលែង លើបុគ្គលិកយោធា អាមេរិក ទៅនឹងច្បាប់ដាក់ឱ្យនៅដាច់ ពីគេរបស់ប្រទេសជប៉ុនផងដែរ ។

លោក Wang បានលើកឡើងថា នេះមិនមែនជាឧបទ្ទវហេតុដាច់ស្រយាលនោះទេ ដោយសារតែករណីជាច្រើន នៅក្នុងមូលដ្ឋានយោធាសហរដ្ឋអាមេរិក នៅក្រៅប្រទេសបានបង្កការគំរាមកំហែង យ៉ាងធ្ងន់ធ្ងរដល់អាយុជីវិត និងសុខភាពរបស់ប្រជាជនក្នុងតំបន់។

លោក Wang បានកត់សម្គាល់ថា “ការរីករាលដាល នៃការឆ្លងក៏ត្រូវបានបង្កឡើង ដោយបុគ្គលិកយោធាអាមេរិក នៅកូរ៉េខាងត្បូង និងអាល្លឺម៉ង់ ផងដែរ” ។

លោកបានបន្ដថា ទាហានអាមេរិក ដែលឈរជើងនៅក្រៅប្រទេស បានបំពានច្បាប់ នៃប្រទេសម្ចាស់ផ្ទះ ផ្គើន និងមិនគោរពពិធី សារប្រឆាំង ការរាតត្បាតក្នុងតំបន់ និងមិនអើពើសិទ្ធិរស់នៅ និងសុខភាពរបស់ប្រជាជនក្នុងតំបន់ ក៏ដូចជាសិទ្ធិទទួលបានសុខភាពសាធារណៈ ។ ម្តងហើយម្តងទៀត ពួកគេបានក្លាយជា “អ្នករីករាលដាល” នៃជំងឺកូវីដ-១៩ នៅទូទាំងពិភពលោក៕

ដោយ ឈូក បូរ៉ា

Most Popular

To Top