បរទេស៖ សេតវិមាននៅថ្ងៃព្រហស្បតិ៍សប្ដាហ៍ នេះបាននិយាយថា សហរដ្ឋអាមេរិក កំពុងតែឃ្លាំមើលយ៉ាងយកចិត្តទុកដាក់ ចំពោះសេចក្តីរាយការណ៍ដែលថា កងកម្លាំងរក្សាសន្តិភាព របស់អង្គការសន្ធិសញ្ញាសន្តិសុខរួម ដឹកនាំដោយរុស្ស៊ី ត្រូវបានបញ្ជូនទៅកាន់ ប្រទេសកាហ្សាក់ស្ថាន និងលើកជាសំនួរថា តើកងទ័ពទាំងនោះ ត្រូវបានអញ្ជើញដោយ ស្របច្បាប់ដែរឬទេ ។
នៅក្នុងសន្និសីទកាសែតមួយ លេខាធិការព័ត៌មានរបស់សេតវិមាន លោក Jen Psaki បាននិយាយប្រាប់យ៉ាងដូច្នេះថា “យើងកំពុងតែឃ្លាំមើលយ៉ាង យកចិត្តទុកដាក់ចំពោះ សេចក្តីរាយការណ៍ដែលថា អង្គការសន្ធិសញ្ញាសន្តិសុខរួម ទើបបានបញ្ជូនកងកម្លាំង រក្សាសន្តិភាពរួមគ្នារបស់ខ្លួន ទៅកាន់ប្រទេសកាហ្សាក់ស្ថាន”។
តាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន CNA នៅថ្ងៃទី៧ ខែមករា ឆ្នាំ២០២២ បានឲ្យដឹងថា លោក Jen Psaki បានមានប្រសាសន៍បន្តយ៉ាងដូច្នេះថា “យើងមានសំនួរស្តីពីប្រភពសំណើនេះ និងថាតើវាគឺជាការអញ្ជើញ ស្របច្បាប់ដែរឬក៏អត់ទេ។ យើងនៅចំណុចនេះ យើងមិនដឹងនោះទេ” ។
គួរបញ្ជាក់ថា អំពើហិង្សាថ្មីៗ បានផ្ទុះឡើងនៅក្នុងទីក្រុងដ៏ធំ របស់ប្រទេសកាហ្សាក់ស្ថាន ក្រោយពីរុស្ស៊ីប្រញាប់ប្រញាល់ បញ្ជូនកងកម្លាំងទៅ ដើម្បីទប់ស្កាត់ការបះបោរ នៅទូទាំងប្រទេស ដែលជាអតីតសម្ពន្ធមិត្តសូវៀត ដ៏ជិតស្និទ្ធបំផុតមួយរបស់ទីក្រុងមូស្គូ ៕
ប្រែសម្រួល៖ ប៉ាង កុង