ព័ត៌មានអន្តរជាតិ

តុលាការយោធាមីយ៉ានម៉ា កាត់ទោសលោកស្រី អ៊ុង សានស៊ូជី ឲ្យជាប់ពន្ធនាគារ៤ឆ្នាំថែមទៀត 

បរទេស៖តុលាការយោធាមួយ នៅក្នុងប្រទេសមីយ៉ានម៉ា នៅថ្ងៃចន្ទនេះ បានកាត់ទោសមេដឹកនាំស៊ីវិល គឺលោកស្រី អ៊ុង សានស៊ូជី ឲ្យជាប់ពន្ធនាគារ៤ឆ្នាំថែមទៀត សម្រាប់ការដំណើរការខុសច្បាប់ នូវឧបករណ៍ទាក់ទងគ្នា និងការបំពានលើការរឹតបន្តឹងពាក់ព័ន្ធជម្ងឺកូវីដ១៩។

តាមសេចក្តីរាយការណ៍ នេះគឺជាការសម្រេចចិត្តលើកទី២ ដែលត្រូវបានធ្វើឡើងក្នុងដំណើរកាត់ក្តីជាបន្តបន្តាប់ ដោយរបបយោធាមីយ៉ានម៉ា ដែលបានផ្តួលរំលំរដ្ឋាភិបាលស៊ីវិល កាលពីរយៈពេលជិតមួយឆ្នាំមុន។

លោកស្រី អ៊ុង សានស៊ូជី ដែលមានវ័យ៧៦ឆ្នាំ ក៏ធ្លាប់ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល៤ឆ្នាំ កាលពីខែមុន លើបទចោទប្រកាន់ផ្សេងគ្នាចំនួន២ តែរយៈពេលជាប់ទោសនោះ ក្រោយមកត្រូវបានបន្ថយឲ្យមកនៅសល់ត្រឹមតែរយៈពេល២ឆ្នាំវិញ។

គួរបញ្ជាក់ថា ម្ចាស់ពាន់រង្វាន់សន្តិភាពណូបែលរូបនេះ ដែលពីមុនធ្លាប់ស្ថិតនៅក្រោមការឃុំខ្លួនក្នុងផ្ទះអស់រយៈពេល១៥ឆ្នាំនោះ បានបដិសេធចំពោះការចោទប្រកាន់លើរូបលោកស្រី ហើយអ្នកគាំទ្រលោកស្រី និងអង្គការឃ្លាំមើលអន្តរជាតិនានា បានធ្វើការថ្កោលទោសចំពោះការចោទប្រកាន់លើអតីតមេដឹកនាំមីយ៉ានម៉ារូបនេះ ថាជាការធ្វើឡើងដោយហេតុផលនយោបាយ៕ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top