ព័ត៌មានអន្តរជាតិ

ជនជាតិកូរ៉េខាងជើង៥រូប ត្រូវអាមេរិក ដាក់ទណ្ឌកម្មជុំវិញទំនិញ ប្រើក្នុងកម្មវិធីមីស៊ីល


បរទេស៖ក្រសួងរតនាគារសហរដ្ឋអាមេរិក នៅពេលថ្មីៗនេះ តាមសេចក្តីរាយការណ៍ បាននិយាយប្រាប់ថា សហរដ្ឋអាមេរិកកំពុងតែដាក់ទណ្ឌកម្មជនជាតិកូរ៉េខាងជើង៥រូប សម្រាប់ការទិញទំនិញដែលប្រើប្រាស់សម្រាប់កម្មវិធីមីស៊ីលផ្លោង និងអាវុធប្រល័យលោក។


នៅក្នុងសេចក្តីថ្លែងការណ៍មួយ អនុរដ្ឋមន្ត្រីរតនាគារអាមេរិកទទួលបន្ទុកស៊ើបការណ៍អំពើភេរវកម្មនិងហិរញ្ញវត្ថុ លោក Brian E. Nelson បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ចំណាត់ការថ្ងៃនេះ ជាផ្នែកនៃកិច្ចប្រឹងប្រឺងកំពុងមានរបស់អាមេរិក ដើម្បីទប់ស្កាត់កម្មវិធីអាវុធប្រល័យលោកនិងមីស៊ីលផ្លោងរបស់សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ។


លោកបន្តថា “ការបាញ់តេស្តមីស៊ីលចុងក្រោយបំផុតរបស់កូរ៉េខាងជើង ជាភស្តុតាងថែមទៀតថា វាបានបន្តធ្វើឲ្យកាន់តែទំនើបនូវកម្មវិធីដែលត្រូវបានហាមឃាត់ បើទោះជាសហគមន៍អន្តរជាតិ អំពាវនាវឲ្យមានការចរចាតាមបែបការទូត និងបំបាត់ចោលអាវុធនុយក្លេអ៊ែក៏ដោយ”។


យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២២ បានឲ្យដឹងថា ជនជាតិកូរ៉េខាងជើងទាំង៥នាក់ ដែលរងទណ្ឌកម្មនៅថ្ងៃពុធនោះ គឺមានមូលដ្ឋាននៅក្នុងប្រទេសរុស្ស៊ីនិងនៅក្នុងប្រទេសចិន៕

ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top