បរទេស ៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា ការតេស្តសាកល្បងមីស៊ីល របស់កូរ៉េខាងជើង គឺជាការបង្កអស្ថិរភាព និង គ្រោះថ្នាក់ខ្លាំងក្លា ហើយលោកបន្ថែមថា ទីក្រុងព្យុងយ៉ាង មិនបានឆ្លើយតបនឹង សំណើរការទូតណាមួយ ពីទីក្រុងវ៉ាស៊ីនតោន នោះទេ ។
រដ្ឋបាលលោក បៃដិន កាលពីថ្ងៃពុធសប្ដាហ៍នេះ បានដាក់ទណ្ឌកម្មដំបូងរបស់ខ្លួន ពាក់ព័ន្ធនឹងកម្មវិធីអាវុធ របស់ប្រទេសកូរ៉េខាងជើង ក្រោយមាន ការបាញ់តេស្ត សាកល្បងអាវុធ ជាបន្តបន្ទាប់របស់ប្រទេសកូរ៉េខាងជើង ដែលរួមមានទាំងការតេស្ត ចំនួនពីរ គិតចាប់តាំងពីសប្ដាហ៍មុនមកផង ។
នៅក្នុងបទ សម្ភាសន៍ មួយជាមួយទីភ្នាក់ងារសារព័ត៌មាន MSNBC លោក Antony Blinken បាននិយាយថា សហរដ្ឋអាមេរិក នាពេលថ្មីៗនេះ បានធ្វើឲ្យ ប្រាកដច្បាស់ថា ខ្លួនគ្មានបំណងជាសត្រូវ ចំពោះប្រទេសកូរ៉េខាងជើង និងមានបំណងចង់ចូល រួមពិភាក្សាគ្នា ដោយគ្មានលក្ខខណ្ឌជាមុន ។
“ជាអកុសល មិនត្រឹមតែគ្មានការឆ្លើយតប ចំពោះសំណើទាំងនោះនោះទេ ប៉ុន្តែការឆ្លើយតប ដែលយើងបានឃើញនោះ គឺការតេស្តមី ស៊ីលជាថ្មី ជារឿងមួយដែលបង្កអស្ថិរភាព យ៉ាងខ្លាំងក្លា វាជាគ្រោះថ្នាក់និងវាបំពានទាំងស្រុង លើសេចក្តីសម្រេចរបស់ក្រុមប្រឹក្សា សន្តិសុខអង្គការសហប្រជាជាតិ ៕
ប្រែសម្រួល៖ប៉ាង កុង